អុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីប
ប្រវត្តិសាស្ត្របានបញ្ជាក់ថានៅ " ថ្ងៃទី ១៤-១៥ កើតខែអស្សុជ និង ១ រោជខែកក្ដិក " ពិធីអុំទូក អកអំបុក បណ្ដែកប្រទីប ជាបុណ្យប្រពៃណីជាតិដ៏ធំមួយ មានដើមកំណើតតាំងពីបុរាណកាលមក ហើយដែលគេបានចែងទុកក្នុងឯកសារជាតិ និង អន្តរជាតិ ឬតាមសិលាចារឹក នៃប្រាសាទជាដើម ។
ពិធីនេះ រីកចម្រើនយ៉ាងខ្លាំងនៅសង្គមខ្មែរ នាសម័យអង្គរក្នុងរាជព្រះបាទជ័យវរ្ម័នទី ៧ សតវត្សរ៍ទី ១២ និងសម័យលង្វែកនាពុទ្ធសករាជ ២០៧១ គ្រិស្តសករាជ ១៥២៨ ក្នុងរាជព្រះបាទអង្គច័ន្ទទី ១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធភូបាលជាស្ដេចក្រាញ់នៅកម្ពុជាក្រោមស្រុកបាសាក់ ។
ពីព្រោះ :
ក. នៅសម័យអង្គរសតវស្សរ៍ទី ១២ ក្រុងកម្ពុជាមានសេចក្ដីសុខសប្បាយក្សេមក្សាន្ត រុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី ៧ សម្ដេចចេញធ្វើសង្គ្រាមជើងទឹកបង្ក្រាបជាតិ បរទេសចាម ដោយកងទ័ពទូករំដោះក្រុងកម្ពុជា ឲ្យរួចផុតពីកណ្ដាប់ដៃខ្មាំងសត្រូវ ។ គ្រិស្តសករាជ ១១៧៧-១១៨១ រឿងចម្បាំងទាំងអស់ត្រូវបានបុព្វ បុរសខ្មែរឆ្លាក់ទុកនៅលើ ជញ្ជាំងប្រាសាទបាយ័ន នឹងប្រាសាទ បន្ទាយឆ្មារ ដែលមានរូបព្រះឆាយាលក្ខណ៍នៃព្រះបាទ ជ័យវរ្ម័នទី ៧ និងទ្រង់ឈរលើនាវាចម្បាំង ទ្រង់កាន់ធ្នូរដំបង ដែលមានកងទ័ពយ៉ាងច្រើនមហិមា ។
ខ. តាមឯកសារប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់ និពន្ធដោយ ថាប់ ប៉ែន បានសរសេរថា សម័យលង្វែក ព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គច័ន្ទទី ១ ទ្រង់តាំងពញាតាត ងារជាសិទ្ធភូបាល ជាស្ដេចនៅកម្ពុជាក្រោមស្រុកបាសាក់ ឲ្យរៀបចំកងទ័ព ជើងទឹកចែកចេញជាបីក្រុម ។
ក្រុមទី ១ : គឺកងទ័ពស្រួចហាត់ច្បាំងដោយទូកកង
ក្រុមទី ២ : គឺជាកងទ័ពជំនួយហាត់ចម្បាំងដោយទូកចែវពីរជួរ
ក្រុមទី ៣ : គឺជាទ័ពបាសាក់ ជាទូកធំមានដំបូល ១ កាត់ មានក្ដោងដូចជាទូកប៉ុកចាយ តែរាងស្ដួចវែង សម្រាប់ផ្ទុកស្បៀងកងទ័ព ។
គ. តាមឯកសារមហាបុរសខ្មែរ ព.ស ២៤០៤ គ.ស ១៨៦០ បានចែងថា ព្រះបាទ នរោត្ដម ត្រាស់បង្គាប់មន្ត្រីរាជការរៀបចំពិធីបុណ្យទ្វាទសមាស ។ ស្ដេចគង់ព្រះរាជ ដំណាក់ផែទតទូក ទូកមួង ទូកចែវ ដែលអុំប្រណាំងថ្វាយ ផ្ដាច់ព្រ័ត្រក្នុងពេលចេញវស្សា និងដង្វាយដល់ព្រះច័ន្ទ និងបណ្ដែតប្រទីបថ្វាយដល់ព្រះចង្កូមកែវ ។
* ពិធីបុណ្យអុំទូក :
ដើម្បីជាការសក្ការៈដឹងដល់បុព្វបុរសខ្មែរយើង ដែលរក្សាបាននូវបុរាណភាពទឹកដីបង្ក្រាបបានរាល់សង្គ្រាមឈ្លានពាននៃបច្ចាមិត្រ ដែលមានបំណងដណ្ដើមយកនូវសម្បត្តិជាតិ ត្រូវបុព្វបុរសយើងកំទេចឲ្យវិនាសមហន្តរាយ ហើយការប្រឆាំងតបនិងសត្រូវទាំង នោះ ដូនតាយើងមានកងទ័ពជាច្រើនផ្នែកពិសេសគឺកងទ័ព ជើង ទឹកនេះឯង ។ ដូច្នេះពិធីអុំទូកជាពិធីមួយរំលឹកឡើង វិញនូវអនុស្សាវរីយ៍នៃការរៀបចំក្បួនសមយុទ្ធកងទ័ពជើងទឹករបស់ខ្មែរបុរាណ ដែលពីដើមគេតែងតែប្រារព្ធធ្វើ ឡើងនៅថ្ងៃទី១៤-១៥ កើត និង១ រោចខែអស្សុជ រៀងរាល់ឆ្នាំ ។
ម្យ៉ាងទៀតដោយមានការដឹងគុណ ដល់ទឹកដីដែលយើងគ្រប់គ្នាបានរស់នៅសុខសាន្តនេះ ដើម្បីជាដង្វាយដល់ព្រះគង្គានិងព្រះ ធរណី ។
* ប្រវត្តិពិធីអកអំបុកសំពះព្រះខែ :
បុណ្យប្រពៃណីអកអំបុក សំពះព្រះខែ មានប្រវត្តិជាប់ទាក់ទងយ៉ាង ជិតស្និទ្ធទៅនឹងប្រវត្តិរបស់ព្រះពុទ្ធជាម្ចាស់នៃយើង ។ ពិធីនេះប្រហែលជារីកចម្រើន ដំណាលគ្នានឹងបុណ្យអុំទូកបណ្ដែត ប្រទីប ដែរ ។
តាមគម្ពីរ បរមត្ថទីបនី អដ្ឋកថាចរិយាបិដកភាសាបាលីចែងថា ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធីសត្វនៃយើង ទ្រង់យោនយក កំណើតជាទន្សាយពោធិសត្វ ។ វេលាខែពេញបរមីមួយទន្សាយពោធិសត្វបានអធិដ្ឋាន ឧបោសថសីល ហើយឧទ្ធិសមំសៈជាទានបរមត្ថបារមីដើម្បីពេញសម្មាសម្ពោធិញាណឲ្យបានត្រាស់ជាព្រះពុទ្ធ ។ ព្រះឥន្ទទ្រង់ប្រាប់ពីហេតុការណ៍នោះ ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់មកសុំមំសៈ របស់ទន្សាយព្រះពោធិ សត្វធ្វើជាអាហារ ។ ទន្សាយព្រះពោធិសត្វបានឲ្យព្រាហ្មណ៍ នោះបង្កាត់ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ។ ទន្សាយព្រះពោធិសត្វក៏រលាស់ខ្លួនឡើងបីដង ដើម្បីឲ្យសត្វល្អិតដែលជាប់និងរោមជ្រុះចេញរួចក៏លោតចូលក្នុងភ្លើងភ្លាម ភ្លើងនោះប្រែជាពុំឆេះសន្ធោសន្ធៅដូចមុនឡើយ ឃើញដូច្នេះ ព្រះឥន្ទ្រព្រាហ្មណ៍ក៏ស្ទុះទៅពយកទន្សាយពោធិសត្វឡើងទៅដល់មណ្ឌលព្រះច័ន្ទ ហើយទ្រង់ក៏យកម្នាងសិលាគូររូបទន្សាយពោធិសត្វ ហើយឥន្ទ្រព្រាហ្មណ៍អធិដ្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វដែលយើងខ្ញុំគូរ នេះនៅជាប់រហូតដល់ទីបំផុតកប្ប ។
ដោយអនុភាពទានបរមត្ថបារមីនៃព្រះពោធិសត្វផង និងសេចក្ដីអធិដ្ឋានរបស់ឥន្ទ្រព្រាហ្មណ៍ផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលជាដរាបរហូតដល់សព្វថ្ងៃ ។
ពិធីបុណ្យនេះរីកចម្រើននៅក្នុងសង្គមខ្មែរ ពីព្រោះឥទ្ធិពលនៃព្រះ ពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងព្រលឹងរបស់ប្រជាជាតិទាំងមូល ដែលតែងតែគោរពបូជាដល់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ ពិសេសគឺព្រះពោធិសត្វដែលយោនយកកំណើតជាទន្សាយបានផ្ដិតរូបព្រះឆាយយាលក្ខណ៍របស់ព្រះអង្គនិងលោកខែ ដើម្បីបានបំភ្លឺសត្វលោកតរៀងទៅ ។
* អត្ថន័យនិងខ្លឹមសារ ពិធីអកអំបុក សំពះព្រះខែ :
+ សក្ការៈបូជាចំពោះទន្សាយ ព្រះធមធិសត្វដែលរូបព្រះឆាយា លក្ខណ៍របស់ព្រះអង្គផ្ដិតជាប់និងលោកខែ ដើម្បីបំភ្លឺសត្វ លោករៀងមក ។
+ ដើម្បីឧទ្ទិសថ្វាយព្រះពោធិសត្វ នូវផល្លានុផល ដែលជាចំណីរបស់ព្រះអង្គកំពុងតែបញ្ចេញភោគផលយ៉ាងល្អប្រសើរ ក្នុងវេលាយប់ពេញបូណ៌រមីនៃខែកក្ដិក ជាពេលព្រះខែលេចរូបរាងច្បាស់ ដើម្បីថ្វាយចំណីទាំងនោះមានត្រាវ ដំឡូង ដូង ចេក អំបុក ៘
+ ដើម្បីអបអរសាទរនូវទិន្នផល ដែលបានមកពីការបង្កបង្កើនផលរបស់ប្រជាជាតិកម្ពុជា ខិតខំធ្វើពលកម្មយ៉ាងខ្លាំងតាំងពីរដូវភ្លៀងធ្លាក់កន្លងមកជាសញ្ញាប្រាប់ថារដូវស្រូវទុំ ព្រមទាំងផល្លានុផលទាំងឡាយបានមកដល់ហើយ ។ ពិធីបណ្ដែកប្រទីបជាបុណ្យប្រពៃណីជាតិដែលប្រព្រឹត្តទៅនៅវេលាយប់ថ្ងៃទី ១៤-១៥ កើត និង ១ រោច ខែកក្ដិក ភ្ជាប់និងពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅពេលថ្ងៃមានកំណើតដំណាលគ្នា នឹងពិធីអុំទូករីកចម្រើននៅក្នុងសង្គមខ្មែរតាំងពីសម័យអង្គរដែរ ពិធីបណ្ដែតប្រទីបមានប្រវត្តិយ៉ាងជិតស្និទ្ធនឹងព្រះពុទ្ធសាសនា ហើយក៏មានជាប់ឥទ្ធិពលព្រាហ្មណ៍សាសនាក្នុងការប្រតិបត្តិវិធីអគ្គិហោត្រ ឬហោមពិធី ដែលគេអុជទៀនធូបប្រទីបជ្វាលា ដើម្បីបូជាដល់ អាទិទេព ។ ពីព្រោះតាមគម្ពីរទាសវង្សភាសាបាលីមានចែងថា ព្រះចង្កូមកែវទាំងបួននៃព្រះ សម្មាសម្ពុទ្ធ ប្រតិស្ថាននៅទីទាំងបួនគឺ :
+ នៅត្រៃត្រឹង សួគ៌ (១)
+ នៅពិភពនាគ (១)
+ នៅស្រុកគន្ធារ (១) និងនៅទន្តបុរៈ (កលិង្គរដ្ឋ) ១
* អន្ថន័យនិងខ្លឹមសារពិធីបណ្ដែតប្រទីប
+ ពិធីបណ្ដែតប្រទីបជាពិធីបុណ្យទាក់ទងទៅនឹងសាសនា ជាបុណ្យប្រពៃណីរបស់ខ្មែរ បញ្ជាក់នូវទឹកសញ្ចេតនាស្នេហានិងគោរពដឹងគុណដល់សម្មាសម្ពុទ្ធគឺព្រះចង្កូមកែវប្រតិស្ថាននៅពិភពនាគ, ព្រមទាំងស្នាមព្រះបាទរបស់ព្រះអង្គប្រតិស្ថាននៅស្ទឹងនម្មទា និងកន្លែងដទៃទៀត ។
+ ដឹងគុណដល់ព្រះគង្គារ និងព្រះធរណី ដែលបានផ្ដល់នូវជីវភាពរស់នៅរបស់ប្រជាជាតិ កម្ពុជាយ៉ាងរុងរឿងប្រកបដោយសុខុមាល ភាព ។
+ ដើម្បីសម្ដែងមនោសញ្ចេតនា ដឹងគុណចំពោះទន្លេមេគង្គនិងទន្លេសាប ដែលផ្ដល់ជីជាតិ យ៉ាងសំខាន់សម្រាប់បម្រើវិស័យកសិ កម្ម ៕