កំណាព្យខ្មែរ

ផ្តើមសេចក្តី
(ពាក្យ៨)
ចាប់ផ្តើមកវីខ្ចីដងប៉ាកកា រៀបតួអក្ខរា ព្យញ្ជនៈខ្មែរ
លំដាប់លំដោយមានជាហូរហែតាមមលំអានខ្មែរបូរាណសម័យ។
សេរតាមចំណេះខ្លួនត្រិះរិះបាន ផ្អែកលើវិធានពាក្យខ្មែរមានន័យ
សង្ឃឹមញាតិមិត្តឥតមានសង្ស័យ ចំណងដៃប្រពែញាតិមិត្តមូរមី។
ឈ្មោះខ្ញុំផ្តើមមានព្យញ្ជនៈ ក្នុងក្រមអក្សរខ្មែរតួទីពីរ
ផ្សំ ​” និស្ស័យមានន័យសោភី ក្នុងតួនាទីបំពេញអត្ថា
ដូច្នេះ ខ្ញុំ សូមថ្លែងលើបន្ទាត់ ដែលមានអត្ថបទតាមសព្ទខេមរា
លាយឡំផ្សំពាក្យទៅតាមវោហារសង្ឃឹមខ្លឹមសារបានញាតិរាប់អាន។
ខ្ញុំសរសេររិះរេសេចក្តី កំណាព្យវែងខ្លីជូនជាកំសាន្ត
អានចុះញាតិមិត្តកុំបីខកខាន ពេលសំរាន្តអានកំសាន្តអារម្មណ៍។
ទាំងនេះសេចក្តីខ្ញុំបានថ្លាថ្លែង ចិត្តនៅភ័យក្រែងកូនកាព្យមិនសម
មិនទានសម័យយុវវ័យនិយម ទាស់ចិត្តចាស់ទុំគុំក្នុងចិន្តា។
ម្លោះសូមសន្តោសប្រោសប្រណី សំណាក់ប្រុសស្រីជាតិខេមរា
ក្រែងជាជ្រុលជ្រួសហួសខុសធម៍អាថ៍មិនមានខ្លឹមសារអប់រំគំនិត។
អវសាន្តសូមសន្តានបានក្តីសុខនានាភូមិស្រុកគ្រប់ញាតិឆ្ងាយជិត
​​​បានជួបពុទ្ធពរបវរល្អពិត ព្រះទ្រង់ប្រសិទ្ធមានបួនប្រការ។
អាយុ វណ្ណៈ សុខៈពលៈ បានជួបប្រទះសព្វទិនទិវា
បារមីគុណព្រះសូមមករក្សា ដល់ជាតិខេមរាសុខរៀងទៅហោង៕

No comments:

Post a Comment