កំណាព្យខ្មែរ

កវីឧទ្ទេសនាម  
(ពាក្យ៨)
លោកអ្នកប្រហែលជាមិនទាន់ដឹង             កវីថ្មីនឹងនៅឡើយទេ
ខ្ញុំបាទក្នុងនាមជាស្មៀនស្មេរ         ទឹកចិត្តកូនខ្មែរសូមពណ៌នា។
កំណើតកើតនៅឯស្រុកស្រែ    ជុំជួបឪម៉ែញាតិញោមយាយតា
ស្រែស្រុកជនបទឆ្ងាយផុតពីផ្សា       ជាជាតិខេមរាកូនកសិករ។
ម្តាយពុកគាត់ដាក់ឈ្មោះថាសុខា       ថែមគឹមកុលាមុខតួអក្សរ
រួមមក៣ស័ព្ទចាប់ជាបន្ត               មានឈ្មោះបវរគឺគឹមសុខា។
នៅភូមិពាមបួនហើយផ្ទួនកូនក្អែក ឥឡូវបានចែកតូវឌីមនោះណា
ឃុំដាយអឹង២ក្បែរស្រែចម្ការ    បន្ទាប់ ដល់ផ្សាស្រុកអណ្តូងទឹក។
ខេត្តឃ្លាំភក្តីកវីបានថ្លែង               គឺសុកត្រាំងឯងដក់ជាប់ក្តីនឹក
ឡុងភូឈ្មោះថ្មីពីអណ្តូងទឹក    នៅលើដីទឹកខាងត្បូងវៀតណាម។
ក្នុងនាមជាស្មៀនអ្នកសរសេរទឹកចិត្តកូនខ្មែរគឺមិនដៀមដាម
សេរដោយចិត្តស្មោះបណ្តែតទៅតាមអារម្មណ៍ខំហាមខ្លាច់ចាកសេចក្តី។
ឯសម្ផស្សពាក្យខ្មែរយ៉ាងសម្បូរណ៍ច្រើនបរិបូណ៍សូមញាតិប្រណី
ប្រសិនមានខុសក៏សូមខន្តី                  មកលើកវីថ្មីនេះផងណា។
ខ្ញុំសរសេរនេះដោយមានបំណង        ច្រើនឆ្នាំកន្លងចិត្តប៉ងប្រាថ្នា
ស្រឡាញ់អក្សរសាស្រ្តជាតិខេមរា       តាំងពីកុមារនោះមកដែរ។
ខ្ញុំមានមោទនៈព្រោះថាបានកើត បានចាប់កំណើតជាតិជាកូនខ្មែរ
ថាម្តេចថាចុះស្រាច់តែលើគេ          ខ្ញុំកើតជាខ្មែរជាតិសាងអង្គរ។ ពេលនេះយ៉ាប់យ៉ឺនដោយសារមិនបាន ធ្វើតាមលំអានសម្ពុទ្ធបវរ
ព្រះទ្រង់សម្តែងសព្វសត្តនិករ ដោយមិនយល់ធម៍តើបធ្វើមិនត្រូវ។
សង្ឃឹមថ្ងៃក្រោយជាតិខ្មែរនឹងថ្កើងដោយរុងរឿងលើងព្រោះបានតាមផ្លូវ
ប្រាំបីប្រការយ៉ាងត្រឹមត្រូវ              ព្រះថ្លែងតម្រូវប្រាប់ផ្លូវនិព្វាន។
សូមថ្លែងប៉ុណ្ណេះបញ្ចប់សេចក្តី សង្ឃឹមប្រុសស្រីគ្រប់ញាតិសន្តាន
រកស៊ីចម្រើនកើនសុខក្សេមក្សាន្តចុងក្រោយសូមបានដូចក្តីប្រាថ្នា៕
ដោយៈគឹមសុខា                                ពាមបួន-កូនក្អែក,02/11/2009

No comments:

Post a Comment