តាមុំម៉ុមបែកចិត្ត
អាទិត្យខាំម្រាមផ្តិតអក្ខរា              កំណាព្យភាសាផ្ញើពិសី
តាមុំមាសស្ងួននួនឆវី                    ថារូបកវីកើតទុក្ខា។
ថ្ងៃចន្ទចែងចិត្តផ្តិតរឿងខ្ញុំ            ទំនួញទុក្ខធំទ្រនុំស្នេហា
ផ្តើមរឿងបងនឹងកែវជីវ៉ា        សម្បថវាចាឥតមានល្អៀង។
អង្គាក្អួតឈាមអូនផ្ដាច់ទ្រនុំ          អនិចា្ចរូបខ្ញុំស្នេហ៍មិនទៀង
រោងការខាងផ្ទះស្រីផ្តើមច្រៀង    រៃផ្ញើសំនៀងតាមទំនៀម។
ថ្ងៃពុធមកដល់អំពល់ចិត្តណាស់បានថ្មីចោលចាស់ផ្លាស់វិញភ្លាម
បែងចែកវណ្ណៈខុសទំនៀម         បងឆ្កួតកកឈាមចងហត្ថា។
ព្រហស្បតិ៍ភ្លេងការបានប្រគុំ      ពិរោះរងុំបងស្រក់ទឹកនេត្រា
ភ្លេងលេងហៅជុំអស់ញាតិកា    មករូមពិសាថ្ងៃការស្រី។
ថ្ងៃសុក្រកើតទុក្ខហ្មងសោកសៅ ថ្ងៃស្អែកស្រីពៅផ្ទឹមចងដៃ
ហោមរោងបាយខុនកំដរស្រី     បងព្រាត់ពិសីបណ្តូលចិន្តា។
ថ្ងៃសៅរ៍ដំបៅទ្រូងខ្លោចផ្សា បងស្រក់ទឹកនេត្រារួមភ្ញៀវការ
កួចអំបោះជូនពរគូស្នេហា       ពីរកាយាបានសុខរហូត៕ 
         ដោយៈ សិរីបញ្ញាវុធ

No comments:

Post a Comment