ពាមបួនស្ងួនចិត្ត
ប្រុសចន្រ្ទាថ្លោះម៉ុមនឹងបង     ទូរស័ព្ទឆ្លើយឆ្លងផ្តោះវាចា
បញ្ចេញភក្តីពីឱរ៉ា                     បងនឹងធីតាស្នេហ៍ស្មោះស្ម័គ្រ។
អ្នកតាពាមបួនជាសាក្សី            ក្តីស្នេហ៍ពិសីនឹងបងប្រច័ក្ស
ដូននរាយអើយកុំបីថ្នាក់           ជួយចែពីរនាក់ចៅសច្ចា។
ស្រីពាមបួនសាសងឆ្លងសំដី   ពន្លកស្នេហ៍ថ្មីចៅពីរកាយា
សូមកញ្ចោងកុំភ្លេចសន្យា        បោះបង់ទងផ្កាឲ្យស្រពោន។
ប្រុស៖ សូមប្រាប់ថាកញ្ចោងបងស្មោះមិនអាចបង់បោះចោលរូបអូន
បើកញ្ចោងក្បត់សង្ខារសូន្យ    ដូចជាដងក្បូនឥតមានត្រើយ។
កញ្ចោងផ្ញើចិត្តឥតល្អក់ល្អៀង ស្នេហ៍បងពិតទៀងលើម៉ុមហើយ
ជឿលើបងចុះណាអូនអើយ  រៀមសូមកៀកកើយតែឆវី។
សូមពាមបួននាងមានសច្ចៈ   រៀមសូមថ្នមថ្នាក់ដោយភក្តី
សូមពាមបួនពៅអូនប្រណី   បងសូមថ្នមបីផ្ទាល់ហត្ថា។
ស្រី៖សូមពាក្យកញ្ចោងជាការពិត  អូនសូមស្នេហ៍ស្និទ្ធជូនទងផ្កា
សូមកញ្ចោងប្រុសបងករុណា    ពាមបួនស្នេហាលុះអវសាន្ត។
ប្រុស៖ សូមពាមបួនចេះជួយសន្តោស  កញ្ចោងជាប្រុសរស់ក្នុងប្រាណ
សូមពាមបួនផ្តល់ក្តីសុខសាន្ត        កញ្ចោងផ្ញើប្រាណលើកន្យា។
ស្រី៖ពាមបួនសូមលើកហត្ថផ្សងសច្ចា   ដល់ចតុមុខារ័ក្សប្រាថ្នា
បើសិនស្នេហ៍ខ្ញុំខុសម្តេចម្តា              សូមលោកមេត្តាខ្ញុំទាំងពីរ។
សូមឲ្យស្នេហ៍ខ្ញុំបានជានា          ចៅពីរអង្គាប្តូរជីវី
សូមជាគូលើដែនធរណី                គ្មានឧបស័គ្គអ្វីមកផ្តាច់ត្រួយ។
រួមគ្នា៖ចៅទាំងពីរលើកដៃផ្សងសច្ចា   ខ្ញុំពីររូបាស្នេហ៍តែមួយ
សម្បថស្នេហាឥតមានព្រួយ         អ្នកតាលោកជួយចៅរហូត៕
ដោយ: សិរីបញ្ញាវុធ

No comments:

Post a Comment