កូនខ្មែរត្រូវគិត
*នៅពេលអាធ្រាទ្រក្រោមរស្មីច័ន្ទ ដៃផ្តើមចាប់កាន់កូនដងប៉ាកកា
រាត្រីពេញបូណ៌មានច័ន្ទភ្លឺថ្លា ទឹកខ្មៅប៉ាកកាសូមផ្តើមសេចក្តី។
*លើភូមិកំណើតល្អឆើតភិរម្យ ពាមបួនសុខុមសំផ្កុំរឿងថ្មី
បើសិនឆ្គងខុសសន្តោសប្រណី ប៉ាកកានៅថ្មីសេរតាមអារម្មណ៍។
*ច័ន្ទភ្លឺប្រៀងៗឈៀងតាមបង្អួច វាយោផាត់គួចឮសូររងំ
ហាក់ដូចចង់ប្រាប់ថាខ្មែរអើយខំ ប្រយ័ត្នទុក្ខធំបាត់ជាតិសាសនា។
*ដើមត្នោតមួយដើមដុះនៅក្បែរវត្ត ដូចជាកម្សត់គ្មានអ្នកនឹកនា
ដុះខ្ពស់សន្លឹមឈរនៅឯកា មើលជាតិខេមរាថ្ងៃណាភ្ញាក់ខ្លួន។
*តែងឮខ្មែរអួតថាខ្លួនគ្រាន់បើ កាលមុនទេតើមាននៅលើក្បួន
បច្ចុប្បន្នខ្មែរយើងមានអ្វីអួតខ្លួន ស្ទើបាត់ច្បាប់ក្បួនបាត់កេរ្តិ៍តំណែល។
*ពេលមុនវប្បធម៍សម្បូរណ៍ហូរហែរ ដូនតាពូកែយ៉ាងច្រើនក្រាស់ក្រែល
យើងត្រេកអណាស់ច្បាស់ឥតមានខែល ជាជាកតំណែលកូនខ្មែរបន្ត។
*«ទុំពាំងស្នងឫស្សី» ខ្មែរគួរគិត ជាសុភាសិតដូនតានេះហ្ន៎
យើងមានទីអាងប្រាសាទអង្គរ ស្កឹមស្កៃបវរស្រស់ស្រាយភូរផង។
*ទាំងនោះហើយជាមោទនភាព កូនខ្មែរត្រូវជ្រៀបកុំឡើយហ្មួរហ្មង
វប្បធម៍អក្សរសាស្រ្តមានច្រើនកន្លង នែញាតិប្អូនបងកុំស្អប់ជាតិឯង
*ដើមត្នោតតញញឹមដោយសង្ឃឹមទុក ជាតិខ្មែរបានសុខគ្មានក្តីចំបែង
សាមគ្គីធ្លុងមួយឈ្មោះល្បីសូរសែង ជាតិគេគោតក្រែងរាប់ជាមិត្តហោង៕
ពាមបួន-កូនក្អែក,១០.០៥.២០០៩
No comments:
Post a Comment