កំណាព្យខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹកស្រី
ក្តារខៀនដែលអូនធ្លាប់សរសេរ          បែបបទពាក្យខ្មែរហាក់នៅថ្មី
ក-ខ-គ-ឃ ឈរ ភក្តី                             ពេលនេះបាត់ស្រីទៅណាហើយ។
ឈុំឆារមុខវត្តចាប់ផ្តើមលាស់            តែគ្មានសម្រាស់ព្រោះ ត្រាណត្រើយ
មួយឆ្នាំពីរឆ្នាំនឹកឥតស្បើយ               តើទៅណាហើយស្នេហ៍មាសបង។
ជញ្ជាំងក្នុងថ្នាក់ស្រីធ្លាប់ផ្អែក                វាស្រក់ទឹកភ្នេក នឹកនួនល្អង  
ម្លប់ជ្រៃមុខថ្នាក់ យើងសាសង             វាស្រែកសួរបងស្រីទៅណា?
ឱ្យឆ្លើយដូចម្តេចបើមិនដឹង                 កែវស្រស់ព្រលឹងបាត់ភក្រ្តា
មិនមានចម្លើយឆ្លើយថាលា                ដោយឥតសន្យា ជួបជាថ្មី។

ប្រាំឆ្នាំចាំអូនទ្រូងទន្ទេញ                     ថ្ងៃណាវិលវិញបានជួបស្រី
រំលឹករឿងចាស់សងសម្តី                  ភ្ជាប់រឿងចាស់ថ្មីស្រីនិងបង។
ថាដួងចិត្តនេះនឹកអូនពិត                 ផ្សងស្នេហ៍បរិសុទ្ធឥតសៅហ្មង
ក្តារខៀននៅស្មោះចាំនួនល្អង           ត្អូញត្អែរប្រាប់បងថានឹកស្រី។
ដោយៈ​គឹមសុខា ពាមបួន-កូនក្អែក,២២មេសា២០១១)

No comments:

Post a Comment