ដើម​កំណើត​ជាតិ​ខ្មែរ

    ដើមកំណើតជាតិខ្មែរ

ក. មជ្ឈដ្ឋាន​ភូមិសាស្ត្រ
ក្នុង​សម័យ​ដែល​រុងរឿង​បំផុត ទឹកដី​ខ្មែរ​បាន​លាត​សន្ធឹង​ទៅ​លើ​មួយ​ភាគ​ធំ​នៃ​អាស៊ី​អាគ្នេយ៍​ដីគោក ក្រៅ​ពី​ប្រទេស​ខ្មែរ​បច្ចុប្បន្ន ទឹកដី​កូសាំងស៊ីន​ទាំងមូល ផ្នែក​ខាងត្បូង និង​កណ្ដាល​នៃ​ប្រទេស​ឡាវ និង​ផ្នែក​ខាងកើត​នៃ​ប្រទេស​ថៃ ក៏​ជា​របស់​ខ្មែរ​ដែរ ។ ហើយ​មាន​ពេល​ខ្លះ អំណាច​ខ្មែរ​បាន​លាត​សន្ធឹង​រហូត​ដល់​ជ្រោយ​ម៉ាឡាយូ និង​ប្រទេស​ភូមា​ថែម​ទៀត​ផង ។
ពី​សវត្ស​ទី​១៣ ដល់​ ១៩ ទឹកដី​ខ្មែរ​ត្រូវ​រួញ​បន្តិចម្ដងៗ ដោយសារ​អំពើ​រុករាន​របស់​ជនជាតិ​សៀម និង​ជនជាតិ​យួន ដែល​មាន​បំណង​ចង់​យក​ទន្លេ​មេគង្គ​ធ្វើ​ជា​ព្រំដែន​រួម​របស់​ពួក​គេ ។ ដោយ​មាន​ការ​ស្នើ​សុំ​ពី​សំណាក់​ព្រះរាជា​ខ្មែរ ហើយ​ដោយ​ស្រប​នឹង​ប្រយោជន៍​របស់​គេ​ផង​នោះ បារាំង​បាន​ធ្វើ​អន្តរាគមន៍​ចូល​មក​ក្នុង​នយោបាយ​ខ្មែរ ហើយ​ប្រហែល​ដោយសារ​នោះ ជាតិ​ខ្មែរ​យើង​ក៏​អាច​នៅ​គង់វង្ស​រហូត​ដល់​សព្វថ្ងៃ ព្រមទាំង​អាច​ថែរក្សា​ទឹកដី​ដែល​ខ្លួន​ធ្លាប់​មាន​កាល​ពី​សតវត្ស​ទី​១៨ ប៉ុន្តែ​ជនជាតិ​ខ្មែរ​រាប់​លាន​នាក់​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​មាតុភូមិ​របស់​ខ្លួន ហើយ​ត្រូវ​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ជនបរទេស​ដែល​បាន​យក​ទឹកដី​ខ្មែរ​ធ្វើ​ជា​របស់​គេ ។
ប្រទេស​ខ្មែរ​សព្វថ្ងៃ​មាន​ផ្ទៃដី ១៨១.០៣៥ គម ហើយ​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​វៀតណាម និង​ឈូង​សមុទ្រ​ថៃ ។ បើ​និយាយ​អំពី​សណ្ឋាន​ដី គេ​ឃើញ​មាន​ភូមិភាគ ខុស​ប្លែក​គ្នា ៖ មួយ​ផ្នែក​ជា​ដី​ខ្ពស់​នៅ​ខាងជើង ឦសាន និង​និរតី មួយ​ផ្នែក​ទៀត ជា​ដី​ទំនាប​នៃ​តំបន់​បឹង​ទន្លេសាប និង​អាង​ទន្លេ​មេគង្គ ។
ភូមិភាគ​ដី​ខ្ពស់ ជា​ភូមិភាគ​សម្បូរ​ដោយ​ព្រៃឈើ ហើយ​មាន​សណ្ឋាន​ហាក់​ដូចជា​របង​ព័ទ្ធ​ជុំវិញ​ដី​ទំនាប ។ នៅ​ទិស​និរតី ជួរ​ភ្នំក្រវាញ​បាន​លាត​សន្ធឹង​តាម​មាត់​សមុទ្រ មាន​កម្ពស់​មធ្យម​មិន​ហួស​ពី ១០០០ ម ឡើយ ។ នៅ​ខាងជើង ជួរ​ភ្នំ​ដងរែក​ជា​ព្រំដែន​ធម្មជាតិ​រវាង​ប្រទេស​ខ្មែរ និង​ប្រទេស​ថៃ ។ នៅ​ខាងត្បូង​ជួរ​ភ្នំ​នេះ គេ​ឃើញ​មាន​ភ្នំ (ភ្នំដែក) និង​ខ្ពង់រាប​ខ្លះ (ភ្នំ​គូលែន) ។ នៅ​ទិស​ឦសាន ខ្ពង់រាប​ក្រានីត បាន​លាត​សន្ធឹង​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌលគីរី ហើយ​មាន​កន្លែង​ខ្លះ​មាន​កម្ពស់​រហូត​ដល់ ១០០០ ម (កន្លែង​ប្រជុំ​ព្រំដែន​បី) ។ ខ្ពង់រាប​ទាំង​នេះ​ជា​ប្រភព​នៃ​ស្ទឹង​បី​ដែល​បាន​ហូរ​ឆ្ពោះ​ទៅ​រក​ទន្លេ​មេគង្គ​គឺ ស្រែពក សេសាន និង សេកុង
ផ្នែក​កណ្ដាល​នៃ​ប្រទេស​ខ្មែរ មាន​សណ្ឋាន​ជា​ចានដែក​ធំ​មួយ ដែល​គេ​ឃើញ​មាន​ភ្នំ​នៅ​ត្រង់​នេះ​ខ្លះ ត្រង់​នោះ​ខ្លះ ។ គឺ​នៅ​ត្រង់​នោះ​ហើយ​ដែល​មាន​មនុស្ស​នៅ​ច្រើន​កុះករ​ជាទី​បំផុត ហើយ​ដែល​ចិញ្ចឹម​ជីវិត​ដោយ​របរ​កសិកម្ម ព្រោះ​ជា​ដី​មាន​ជីជាតិ និង​មាន​ទំហំ​ធំ​ទូលាយ​ជាង​គេ​នៅ​ឥណ្ឌូចិន​ទាំងមូល ។
ទន្លេមេគង្គ ជា​ទន្លេ​ធំ​តែ​មួយ​ដែល​បាន​ឆ្លង​កាត់​វាល​ទំនាប​ខ្មែរ​ពី​ខាងជើង​រហូត​ដល់​ចុង​ខាងត្បូង ។ ទន្លេ​នេះ​មាន​ប្រវែង​ជាង ៤០០០ គម មាន​ប្រភព​ចេញ​ពី​ខ្ពង់រាប​ទីបេ ហើយ​ហូរ​កាត់​ប្រទេស​ចិន​ខាងត្បូង ប្រទេស​ភូមា ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​ខ្មែរ និង​ប្រទេស​វៀតណាម​ខាងត្បូង ។ នៅ​ត្រង់​ខោន​ក្នុង​ប្រទេស​ឡាវ ដុំ​ថ្ម​ជាច្រើន​បាន​រាំង​ផ្លូវ​ទន្លេ​មេគង្គ​ជាប់ បង្កើត​បាន​ជា​អាងទឹក​មាន​កម្ពស់​ប្រមាណ ២០ ម ហើយ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ល្បាក់​ទឹក មិន​អាច​ឲ្យ​កប៉ាល់​ធ្វើ​ចរាចរ​ទៅ​មក​បាន​ឡើយ ។ ដី​សណ្ដ​ទន្លេ​មេគង្គ​មាន​ដៃ​ច្រើន ខ្លះ​មាន​ទទឹង​ដល់​ទៅ ២ គម ហើយ​មាន​ទំហំ​ប្រមាណ​ជា ៦០០ គម
វាល​ទំនាប​ទន្លេ​មេគង្គ បាន​លាត​សន្ធឹង​ពី​ក្រចេះ​ដល់​សមុទ្រ​ចិន ។ នៅ​ភ្នំពេញ​ទន្លេ​នេះ​បែក​ជា​បួន​ត្រង់​កន្លែង​ដែល​គេ​ហៅ​ថា «ទន្លេ​បួន​មុខ» [ទន្លេ​ធំ​ខាងលើ (ទន្លេ​មេគង្គ) ទន្លេ​សាបទន្លេ​បាសាក់ ទន្លេ​ធំ​ខាងក្រោម] ។
នៅ​ខែ​មីនា‑មេសា ទឹក​ទន្លេ​មេគង្គ​ស្រក​ចុះ​ច្រើន ហើយ​នៅ​នឹង​មួយ​កន្លែង ។ លុះ​ចូល​ដល់​រដូវ​ភ្លៀង​ជោគជាំ​នៅ​ខែ​កក្កដា ទឹក​ទន្លេ​ឡើង​ខ្លាំង ធារទឹក (ជីយទង) អាច​ឡើង​ដល់ ៥០.០០០ ម/វិនាទី (លើស​ទន្លេ​ក្រហម​ទៅ​ទៀត ដែល​មាន​ធារទឹក​ត្រឹមតែ ៣០.០០០ ម/វិនាទី) ទន្លេ​ធំ និង​ទន្លេ​បាសាក់ មិន​អាច​នាំ​ទឹក​ហូរ​ទៅ​ក្នុង​សមុទ្រ​ចិន​បាន​ទាំង​អស់ ទឹក​នោះ​ក៏​ហូរ​ចូល​ទៅ​ក្នុង​បឹង​ទន្លេសាប (បឹងធំ បឹងតូច) តាម​រយៈ​ដៃ​ទន្លេសាប ។ ដូច្នេះ​បឹងទន្លេសាប​ជា​នីយករ​មួយ​យ៉ាង​សំខាន់​ទប់ទល់​កុំ​ឲ្យ​មាន​ទឹក​ជន់​នៅ​រដូវ​វស្សា ។
តាម​ការ​សិក្សា​របស់​អ្នកភូមិសាស្ត្រ បឹងទន្លេសាប ជា​ស្នាម​នៃ​ឈូង​សមុទ្រ​មួយ​ត្រូវ​បិទ​ជិត​ដោយ​ដី​ល្បប់ ដែល​ទន្លេ​មេគង្គ​នាំ​យក​មក​ចាក់​ជា​រៀងរាល់​ឆ្នាំ ។ បឹង​នេះ​មាន​ប្រវែង​សរុប ១៦០ គម (បឹងធំ + បឹងតូច + វាល់ភក់) ហើយ​មាន​ទទឹង​ជា​អតិបរមា ៣៥ គម ។ នៅ​រដូវ​សម្រក(មីនា‑មេសា) ទំហំ​ផ្ទៃទឹក​មាន​ប្រមាណ ៣០០០ គម នៅ​រដូវ​ទឹក​ឡើង (កក្កដា) នៅ​ពេល​ដែល​ទឹក​ទន្លេ​មេគង្គ​ហូរ​ចូល កម្ពស់​ទឹក​ឡើង​ពី ដល់ ១៤ ម ទឹក​ហៀរ​ចេញ​ពន្លិច​តំបន់​ជិតខាង​រហូត​ដល់ ២០ ៣០ គម ។ នៅ​ខែ​តុលា‑វិច្ឆិកា ទឹក​ហូរ​ចេញ​ពី​បឹង​ទន្លេសាប​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ​វិញ ៖ គឺ​ក្នុង​​ឱកាស​នេះ​ហើយ​ដែល​ប្រជារាស្ត្រ​ខ្មែរ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក សំពះ​ព្រះខែ លយ​ប្រទីប ។
គួរ​កត់​សម្គាល់​ថា បឹង​ទន្លេសាប​ជា​កន្លែង​ដែល​មាន​ត្រី​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក បើ​គិត​តាម​សមាមាត្រ​នៃ​ទំហំ​បឹង​នេះ ។ ម្យ៉ាង​ទៀត​ដោយសារ​បឹង​ទន្លេសាប​នេះ ព្រម​ទាំង​បឹង​មួយ​ទៀត ទឹក​ជំនន់​នៅ​ទន្លេ​មេគង្គ​មាន​ភាព​មិន​សូវ​សាហាវ​ដូច​នៅ​ទន្លេ​ក្រហម​ទេ ។ គេ​មិន​បាច់​ធ្វើ​ទំនប់ ហើយ​ដើម្បី​ពង្រីក​យក​ដី​ដាំដំណាំ គេ​គ្រាន់​តែ​បង្ហូរ​ទឹក​ចេញ​ពី​កន្លែង​ណា​ដែល​លិច​ទឹក និង​បញ្ចូល​ទឹក​នៅ​ក្នុង​ដី​ត្រង់​ណា​ដែល​ពុំសូវ​មាន​ទឹក​ ដោយ​ការ​ជីក​ប្រឡាយ ។ នេះ​គឺ​ជា​វិធី​ដែល​អ្នកស្រុក​អាណាចក្រ​ភ្នំ​ធ្លាប់​តែ​បាន​អនុវត្ត​ក្នុង​ការ​ប្រកប​របរ​កសិកម្ម​របស់​ខ្លួន​ជា​យូរយារ​ណាស់​មក​ហើយ ។
ខ. អំពី​ដើម​កំណើត​ជាតិខ្មែរ
បញ្ហា​ដើម​​កំណើត​ជាតិ​ខ្មែរ​នេះ​មាន​ចោទ​ឡើង​ជា​រៀងរាល់​ពេល​ដែល​គេ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​អរិយធម៌ ឬ​ប្រវត្តិសាស្ត្រ​ខ្មែរ ។ យ៉ាង​ណាមិញ ជាតិ ឬ​ពូជ​អំបូរ ជាមូលធម៌​មួយ​យ៉ាង​សំខាន់​ជួយ​បំភ្លឺ​អ្នកប្រាជ្ញ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ពី​អរិយធម៌​របស់​ជនជាតិ​ណា​មួយ ។ ចំពោះ​ខ្មែរ​យើង ការ​យល់​មិន​ច្បាស់​អំពី​អត្តសញ្ញាណ​នេះ​ហើយ ជា​ហេតុ​នាំ​ឲ្យ​អ្នក​សិក្សា​ខ្លះ​មាន​ការ​ភ័ន្តច្រឡំ​រហូត​ដល់​ទាញ​ភ្ជាប់​ជាតិ​ខ្មែរ​ទៅ​នឹង​ជាតិ​ណា​មួយ ដែល​គេ​យល់​ថា មាន​អរិយធម៌​ខ្ពង់ខ្ពស់​ជាង​ខ្មែរ ។
ជាយូរ​ណាស់​មក​ហើយ អ្នកសិក្សា​ស្រាវជ្រាវ​ពី​ខ្មែរ បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ដ៏​សំខាន់​នេះ ហើយ​បាន​បញ្ចេញ​ជា​យោបល់ ឬ​សម្មតិកម្ម​ប្លែកៗ​គ្នា ហើយ​ជួនកាល​ក៏​ផ្ទុយ​គ្នា​ស្រឡះ​តែ​ម្ដង ។​ ប៉ុន្តែ​យើង​អាច​ប្រមូល​យោបល់ ឬ​សម្មតិកម្ម​ទាំង​នោះ​បាន​ជា​បី​ប្រភេទ
១. យោបល់ ខ្មែរ គឺ ឥណ្ឌា
យោបល់​ដែល​យល់​ថា ខ្មែរ គឺ ឥណ្ឌា ឬ​ក៏​ថា ខ្មែរ និង ឥណ្ឌា ជាជាតិ​តែ​មួយ ។ ទស្សនៈ​បែប​នេះ លោក​ឧកញ៉ា ឈឹម ក្រសេម បាន​បញ្ជាក់​យ៉ាង​ពិស្ដារ​ក្នុង​សៀវភៅ «ពង្សាវតារ​ខ្មែរ ភាគ​១» បោះពុម្ព​នៅ​ភ្នំពេញ គ.ស ១៩៧១ លោក​បាន​សរសេរ​ជា​អាទិ៍​ថា «តាម​ដែល​បាន​ស្រាវជ្រាវ​តាម​ផ្លូវ​ប្រវត្តិសាស្ត្រ​មក ហើយ​ប្រាកដ​ថា ក្នុង​ដែន​ឥណ្ឌា​ភាគ​ខាងត្បូង​ដែល​ផុត​អំពី មធ្យម​ប្រទេស ជា​ទីតាំង​បរទេស​ជាច្រើន នៅ​ត្រង់​រវាង​កណ្ដាល​នៃ​ប្រទេស​ទាំង​នោះ គឺ​ត្រង់​ដែល​ហៅ​ថា ទក្ខិណាបទ ឬ ទក្សិណាទ៌្ធគោល មាន​ប្រទេស​មួយ​ឈ្មោះ កុមេរុជា​ប្រទេស​ធំ មាន​ប្រជាជន​កុះករ​ច្រើន ខ្មែរ​យើង​ដើម​ឡើយ មុន​នឹង​ផ្សាយ​មក​ក្នុង​កម្ពុជរដ្ឋ អាស្រ័យ​នៅ​ក្នុង កុមេរុរដ្ឋ​ នេះ ប្រទេស​របស់​ខ្មែរ​អំពី​បុរាណកាល​មក ។ ឈ្មោះ ជាតិខ្មែរ ហៅ​ត្រឹមត្រូវ​តាម​សូរស័ព្ទ​ដើម​ថា កុមេរុ ដូច្នេះ តែ​តាម​សំឡេង​និយាយ​ជា​ធម្មតា​ថា កុមេរុ៍ ទំនង​ដូច​ជា​ភ្នំ​ព្រះសុមេរុ គេ​ហៅ​នៅ​ត្រឹម សុមេរុ៍ ។ លុះ​យូរ​មក ឈ្មោះ​នេះ​បាន​ក្លាយ​ចេញ​ទៅ​ទៀត ប្រាកដ​នៅ​សិលា​ចារឹក​ខ្មែរ​ថា ក្មេរទៅ​ជា​សំឡេង​ផ្សំ ក្រោយ​សម័យ​សិលាចារឹក​មក បាន​ប្រែ​ជា ខ្មែរតាំង​ពីក្រោយ​ពុទ្ធកាល​ប្រមាណ​ ២០០ ឆ្នាំ​មក ជនជាតិ​ខ្មែរ​បាន​ត្រូវ​ផ្សព្វផ្សាយ​មក​រស់​នៅ​ក្នុង​ដែន​សុវណ្ណភូមិ ។ ពួកខ្លះ​មក​ដោយ​ប៉ង ដើម្បី​រក​ស៊ី​លក់ដូរ​តាម​ធម្មតា ពួក​ខ្លះ​មក​ដោយ​គេច​សឹកសង្គ្រាម ។ អ្នក​ដែល​នាំ​អរិយធម៌​ឥណ្ឌា​មក​ផ្សាយ​ក្នុង​ដែនដី​នេះ​គឺ​ខ្មែរ​អាស្រ័យ​ជាតិ​ខ្មែរ ជា​អ្នក​មាន​អារ្យធម៌​ខ្ពង់ខ្ពស់​ទាំង​មាន​ឥទ្ធិពល ទើប​មក​ផ្សាយ​អរិយធម៌​របស់​ខ្លួន​ទៅ​លើ​ជនជាតិ​ទាំងឡាយ​ដែល​នៅ​ក្រោម​អំណាច និង​ជាតិ​ទាំង​ឡាយ​ដែល​នៅ​ជិត​ខាង​ទៀត​ផង ដោយ​ហេតុ​នេះ ទើប​មាន​ឆាយា​ថា ខ្មែរ​ជា​ឥណ្ឌា​ទី​២នៅ​ក្នុង​ដែន​សុវណ្ណភូមិ ។ ពាក្យ​ដែល​ថា ខ្មែរ​យើង​ចេញ​មក​ពី​ឥណ្ឌាដូច្នេះ បើ​មាន​អ្វី​ខ្លះ​ជា​សំអាង​តប​ថា​ក្រៅ​ពី​ជាតិ និង​ប្រទេស​ដូច​ពោល​ហើយ នៅ​មាន​ភស្តុតាង​ដទៃ​ទៀត​ជាច្រើន​យ៉ាង​ជា​សំអាង​គឺ ៖ លក្ខណៈ​អក្សរ និង​ភាសា លទ្ធិ​ប្រពៃណី និង​សាសនា និង ពង្សាវតារ និង​សេចក្ដី​កត់ហេតុ
ជាតិ​ខ្មែរ និង​ជាតិ​ជ្វា ជា​ម្ចាស់​ស្រុក​ដើម បាន​រួម​គ្នា​ទៅ​ជា​ជាតិ​មួយ​ហៅ​ថា កុមេរុ គឺ​ជា​ខ្មែរ​សព្វថ្ងៃ​នេះ ។ ខ្មែរ​ក្នុង​ជំនាន់​ដើម រូបរាង​ច្រើន​ស្រុងៗ ច្រមុះ​ស្រួច សម្បុរ​កាយ​ស្រអែម ឯ​ជាតិ​ជ្វា​នោះ មាន​លក្ខណៈ​រូបរាង​យ៉ាង​មធ្យម សម្បុរ​កាយ​ជ្រះ រូប​ច្រើន​ល្អ ។ ពង្សាវតារ​ភូមា​ថា មន និង ខ្មែរ ជា​បងប្អូន​ផង​គ្នា ចុះ​មក​ពី​ឥណ្ឌា​ទាំង​ពីរ​ពួក តែ​ពួក​មន​ផ្សាយ​មក​មុន​បន្តិច ។»
ទស្សនៈ​របស់​លោក​ឧកញ៉ា ឈឹម ក្រសេម ខាងលើ​នេះ មាន​ជនបរទេស​យល់​ស្រប​តាម និង​យក​ទៅ​ប្រើប្រាស់​ជា​ផល​ប្រយោជន៍​របស់​គេ​ថែមទៀត ។ លោក Pierre Loti អ្នក​និពន្ធ​បារាំង​ដ៏​ល្បីល្បាញ​មួយ​រូប បាន​សរសេរ​ក្នុង​សៀវភៅ​ឈ្មោះ Pèrerin d’Angkor ថា «le people Khmer, rameau détaché de la grande race aryenne…» (ប្រជា​រាស្ត្រ​ខ្មែរ ជា​មែកធាង​ដែល​ដាច់​ចេញ​ពី​មហា​អំបូរ​អារ្យ​) ។ ចំណែក​លោក មុំ ស្នើបាមោជ មេធាវី​ថៃ​អម​តុលាការ​អន្តរជាតិ​នា​ទីក្រុង​ឡាអេ បាន​លើក​យក​ទស្សនៈ​បែប​នេះ​មក​ធ្វើ​ជា​ទឡ្ហីករ​ដើម្បី​ប្រឆាំង​ខ្មែរ​យើង​ក្នុង​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ ហើយ​ដែល​សារព័ត៌មាន​សៀម​ឈ្មោះ «ឆាវថៃ» ចុះ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩៥៩ បាន​រំឭក​ថា មុំ ស្នើបាមោជ បាន​និយាយ​ថា ពពួក «ខម» ជា​ជន​ពូជ​អំបូរ​ឥណ្ឌា ។ ជនជាតិ​ថៃ​មាន​ដើម​កំណើត​ក្នុង​ខេត្ត​ចិន​យូនណាន បាន​វាយ​យក​ជោគជ័យ​ទៅ​លើ​ជាតិ​ ខម រហូត​ដល់​ពួក​នេះ​ត្រលប់​ទៅ​ស្រុក​ឥណ្ឌា​វិញ ។ ដែន​ដី​ដែល​ពី​ដើម​ពួក ខម តាំង​នៅ ក៏​ក្លាយ​ជា​ដី​ថៃ ហើយ​ប្រជាជន​ថៃ​ក៏​បែង​ចែក​ខ្លួន​ឯង​ជា​ពីរ​ក្រុម ក្រុម​ទី​១ មក​តាំង​នៅ​តំបន់​ទំនាប ដែល​គេ​ឲ្យ​ឈ្មោះ​សព្វថ្ងៃ​ថា «កម្ពុជា» ក្រុម​មួយ​ទៀត បាន​តាំង​នៅ​តំបន់​ខ្ពស់ ហើយ​ថែរក្សា​ឈ្មោះ​ថៃ​ដដែល ។
២. យោបល់ ខ្មែរ មិន​មែន​ជា ឥណ្ឌា និង​លុកលុយ​ដណ្ដើម​ទឹកដី​ជនជាតិ​ដើម
យោបល់​ដែល​ចាត់​ទុក ​ជាតិ​ខ្មែរ ​ជាជាតិ​ប្រវេសន៍​ចេញ​ពី​ប្រទេស​ឥណ្ឌា ហើយបាន​មក​លុកលុយ​ដណ្ដើម​យក​ទឹកដី​របស់​ជនជាតិ​ដើម​មួយគឺ​ជនជាតិ​ក្នុង​អំបូរ​ម៉ាឡាយូ​‑​ប៉ូលីនេស៊ីយែន ឬ​ជនជាតិ​ថៃ‑កាដៃ ប៉ុន្តែ​ជា​ជនជាតិ​មួយ​ដោយ​ឡែក​ពី​ជាតិ​ឥណ្ឌា ហើយ​ស្ថិត​ក្នុង​អំបូរ​ខ្មែរ​‑​មន នេះ​ជា​ទស្សនៈ​របស់​លោក Denkrik Kern លោក Adhémard Leclère លោក Paul Benedict លោក Pierre Gourou ។ ចំពោះ​ទស្សនៈ​នេះ​ លោក Pierre Gourou បាន​បញ្ជាក់​ថា ជនជាតិ​ខ្មែរ‑មន​ប្រហែល​ជា​ត្រូវ​ពួក ទ្រាវិឌ ឬ​ពួក អារ្យ ច្រាន​ចេញ​ពី​ប្រទេស​ឥណ្ឌា ហើយ​ដោយ​មាន​នៅ​សល់​ក្រុម​ខ្លះ ដូចជា​ពួក មុណ្ឌ បាន​មក​លុកលុយ​ប្រទេស​ភូមា ប្រទេស​សៀម និង​ប្រទេស​កម្ពុជា
គេ​អាច​បន្ថែម​ទៅ​ក្នុង​ក្រុម​អ្នក​ស្រាវជ្រាវ​ទី​២ នូវ​ឈ្មោះ​លោក Etienne Aymonierដែល​យល់​ថា ក្រុម ខ្មែរ‑មន‑មុណ្ឌ មាន​ទីតាំង​ដើម​នៅ​ជើង​ភ្នំ​ទីបេ ហើយ​ក្រោយ​មក​បាន​បំបែក​ជា​ពីរ​ក្រុមៈ មួយ​ក្រុម (ខ្មែរ‑មន) ចូល​មក​រស់​នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ឯ​មួយ​ក្រុម​ទៀត(មុណ្ឌ) ចូល​ទៅ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​រហូត​មក​ដល់​សព្វថ្ងៃ ។
៣. យោបល់​ ខ្មែរ ​ជាជាតិ​ពិសេស​មួយ និង​មាន​ដើម​កំណើត​នៅ​អាស៊ី​អាគ្នេយ៍
យោបល់​ដែល​ទទួល​ស្គាល់​ថា​ ជាតិ​ខ្មែរ ជា​ជាតិ​ពិសេស​មួយ​ស្ថិត​នៅ​ក្នុង​អំបូរ​ខ្មែរ‑មន ហើយ​បាន​កកើត​ឡើង​នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​នេះ​តែ​ម្ដង ។ នេះ​គឺ​ជា​ទស្សនៈ​របស់​លោក Bernard Philippe Groslier និង​លោក Marcel Talabol ជា​ដើម ។ លោក​ទាំង​ពីរ​នេះ​យល់​ឃើញ​ថា ក្នុង​សម័យ​បុព្វ​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់​ណាស់​មក​ហើយ មាន​មនុស្ស​ពូជ​ខុសៗ​គ្នា​បាន​ធ្វើ​ដំណើរ​ពី​ខាងជើង​ចុះ​មក​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ហើយ​ផ្សំ​កាត់​ជាមួយ​គ្នា ។ តាម​ការ​ប៉ាន់ស្មាន​របស់​លោក​ទាំង​ពីរ អំបូរ​ខ្មែរ‑មន​យើង​កើត​មក​ពី​ការ​ផ្សំ​កាត់​រវាង​ពូជ​មេឡាណេស៊ីយាង និង​ពូជ​ឥណ្ឌូណេស៊ីយាង ហើយ​បាន​រស់​នៅ​លើ​ទឹកដី​លាត​សន្ធឹង​ពី​ឆ្នេរ​សមុទ្ទ​ចិន​រហូត​ដល់​ព្រំប្រទល់​ប្រទេស​ឥណ្ឌា
យើង​បាន​លាត​ត្រដាង​រួច​មក​ហើយ​នូវ​យោបល់ និង​សម្មតិកម្ម​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ជាតិ​ខ្មែរ ។ ឃើញ​ថា ​យោបល់ និង​សម្មតិកម្ម​ទាំង​នោះ ទោះបី​ប្លែក​គ្នា ក៏​បាន​ស្រប​គ្នា​ត្រង់​ចំណុច​ដែល​ថា ខ្មែរ និង មន ស្ថិត​ក្នុង​អំបូរ​ជាមួយ​គ្នា គឺ​អំបូរ​​ខ្មែរ‑មន​នេះ​ឯង ។ ដូច្នេះ​តទៅ​នេះ យើង​នឹង​ខិតខំ​វែកញែក​រក​មើល​ថា តើខ្មែរ‑មន​នេះ​ជា​អំបូរ​មួយ​ពិសេស ឬ​ក៏​ជា​ជាតិ​ឥណ្ឌា​ដែរ ?
បើ​តាម​ទស្សនៈ​របស់​លោកឧកញ៉ា ឈឹម ក្រសេម ឃើញ​ថា ខ្មែរ គឺ​ជា​ឥណ្ឌា​ហ្នឹង​ឯង ព្រោះ​បាន​ចេញ​មក​ពី​ប្រទេស​ឥណ្ឌា មាន​ឈ្មោះ​ថា ឥណ្ឌា មាន​ទំនៀម​ទម្លាប់ សាសនា អក្សរ ភាសា ជា​របស់​ឥណ្ឌា ហើយ​មនុស្ស​ខ្មែរ​ដើម​ទៀត​សោត​ក៏​មាន​លក្ខណៈ​ជា​មនុស្ស​ឥណ្ឌា​បេះ​បិទ ហើយ​លោក​បាន​បញ្ជាក់​ថា ខ្មែរ ជា ឥណ្ឌា​ទី​២
ប្រសិនបើ​យើង​លើក​យក​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​វិទូ​ក្នុង​ពិភព​លោក​មក​ពិនិត្យ​មើល ឃើញ​ថា មនុស្ស​ខ្មែរ និង​មនុស្ស​ឥណ្ឌា (ទាំង​ពួក​ស ទាំង​ពួក​ខ្មៅ) មាន​លក្ខណៈ​រូបរាង​កាយ​ខុស​គ្នា​ឆ្ងាយ​ណាស់ ។ យ៉ាងណាមិញ ខ្មែរ​មាន​កម្ពស់​ជា​មធ្យម ,៦០ ម និង​សន្ទស្សន៍​លលាដ៍​ក្បាល ៨៤, (ក្បាល​មូល) ចំណែក​ឯ​ពួក​ឥណ្ឌា​ស (អារ្យ) មាន​កម្ពស់ ,៧២ ម និង​សន្ទស្សន៍​លលាដ៍​ក្បាល ៧៣, (ក្បាល​ពយ) និង​ពួក​ឥណ្ឌា​ខ្មៅ (ទ្រាវិឌ) មាន​កម្ពស់ ,៦២ ម និង​សន្ទស្សន៍​លលាដ៍​ក្បាល ៧៦, (ក្បាល​​ពយ​ទៀត) ។ ឯ​ការ​ដែល​អះអាង​ថា​ ខ្មែរ​ចេញ​ពី​ប្រទេស​ឥណ្ឌា​នោះ តើ​មាន​អ្វី​អាច​បញ្ជាក់​បាន ? ត្រង់​ទំនៀម​ទម្លាប់ សាសនា អក្សរ ភាសា ក្នុង​ផ្នែក​នេះ ខ្មែរ​យើង​បាន​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​ក៏​ពិត​មែន ប៉ុន្តែ​ការ​សិក្សា​ជីក​ដល់​ជម្រៅ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្មែរ​យើង​មាន​អរិយធម៌​ផ្ទាល់​របស់​ខ្លួន​ទៅ​ហើយ​មុន​ដែល​បាន​ទាក់ទង​ជាមួយ​ឥណ្ឌា បាន​សេចក្ដី​ថា ខ្មែរ​ជា​ពូជ​ដោយ​ឡែក​ពី​ឥណ្ឌា នេះ​ហើយ​ជា​ទស្សនៈ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ទី​៣ ដែល​យល់​ថា អំបូរ​ខ្មែរ‑មន​បាន​កកើត​ឡើង​នៅ​ត្រង់​ភូមិភាគ​អាស៊ី​អាគ្នេយ៍​នេះ​តែ​ម្ដង ដោយ​ការ​ផ្សំ​កាត់​រវាង​ពួក​មេឡាណេស៊ីយាង (កម្ពស់​ពី ,៦៥ ក្បាល​ពយ) និង​ពួក​ឥណ្ឌូណេស៊ីយាង (កម្ពស់ ,៦០ ម ទៅ ,៦៣ ម ក្បាល​មូល) គួរ​កត់​សម្គាល់​ថា ទស្សនៈ​នេះ​មាន​លក្ខណៈ​ស្រប​នឹង​ទស្សនៈ​របស់​ខ្មែរ​ដែរ ពីព្រោះ​បើ​យើង​សំអាង​ទៅ​លើ​រឿង​ព្រេង​ខ្មែរ​ក៏​ដោយ លុះត្រា​តែ​មាន​ នាងនាគ នៅ​ស្រុក​ខ្មែរ​នេះ​ឯង ទើប​បាន​ ព្រះថោង (ដែល​គេ​ថា​មក​ពី​ស្រុក​ឥណ្ឌា) បាន​ជួប​ប្រភព​គ្នា ដោយ​បាន​គ្រប់គ្រង​ស្រុក គោកធ្លក នេះ​ដែរ ។ បាន​សេចក្ដី​ថា លុះ​ត្រា​តែ​មាន​ជាតិ​ខ្មែរ​នៅ​លើ​កោះ​គោកធ្លក​នេះ​ដែរ ទើប​ឥណ្ឌា​អាច​ផ្សាយ​អរិយធម៌​របស់​ខ្លួន​បាន​ខ្លះ​ចូល​ក្នុង​ស្រុក​ខ្មែរ ។ និយាយ​ពី​ដើម​កំណើត​ជាតិ​ខ្មែរ​នេះ​ដែរ លោក Maurice Claize អតីត​អភិរក្ស​អង្គរ បាន​សរសេរ​ជា​អាទិ៍​ថា «Ce n’est nullement, comme certains le croient, un people d’origine purement Indienne qui serait venu, à la suite de migrations, se fixer dans une region vide d’habitants, ou en aurait éliminé les elements indigenes par des massacres ou des deportations en masse: le people Khmer est un people autoclitone hindouisé.» (មិន​មែន​ដូច​អ្នក​ខ្លះ​បាន​យល់​នោះ​ទេ​ថា ជា​ប្រជារាស្ត្រ​មួយ​ដែល​មាន​ដើម​កំណើត​ជា​ឥណ្ឌា​សុទ្ធសាធ ហើយ​ដែល​បាន​មក​តាំង​នៅ​ក្នុង​តំបន់​មួយ​គ្មាន​មនុស្ស ឬ​ក៏​បាន​ចម្ចាត់​ពួក​អ្នក​ស្រុក​អាយ ដោយ​ការ​សម្លាប់​រង្គាល ឬ​ការ​និរទេស​ទាំង​ហ្វូងៈ ប្រជារាស្ត្រ​ខ្មែរ គឺ​ជា អ្នកស្រុក​ដើម ដែល​បាន​ទទួល​ឥទ្ធិពល​អរិយធម៌​ឥណ្ឌា)
ឯលោក Henri Marchal អតីត​អភិរក្ស​អង្គរ​ដែរ បាន​សរសេរ​ថា «Le Cambodgien n’est pas de race hindoue; il est le result de nombreux croisements avec un fond malayo-indonésien…» (ខ្មែរ​មិន​មែន​ជា​​មនុស្ស​ពូជ​សាសន៍​ឥណ្ឌា​ទេៈ ខ្មែរ​ជា​លទ្ធផល​នៃ​ការ​ផ្សំ​កាត់​ច្រើន​ជាមួយ​នឹង មលយូ‑ឥណ្ឌូណេស៊ីយាង)
ចំពោះ​យោបល់​ដែល​ថា​ ខ្មែរ​បាន​លុក​លុយ​ដណ្ដើម​យក​ទឹកដី​របស់​ជនជាតិ​ដើម​មួយ​នោះ ច្រើន​តែ​សំអាង​ទៅ​លើ​រឿង​ព្រេង​ខ្មែរ​ដែល​បាន​និទាន​ថា មាន​ស្ដេច​ចាម​មួយ​អង្គ​បាន​នាំ​បរិវារ ៥០០ នាក់ ជិះ​សំពៅ​កំសាន្ត​តាម​មហា​សាគរ លុះ​ប៉ះ​នឹង​ខ្យល់​ព្យុះ​បោក​បក់​មក​នាំ​ឲ្យ​វិនាស​សំពៅ​អស់​ទៅ ក៏​រសាត់​ទៅ​ដល់​កោះ​គោកធ្លក ហើយ​បាន​រស់​នៅ​ទីនោះ​ត​ទៅ ។ តាម​យោបល់​យើង ការ​ដែល​ថា ជ្វា ចាម ជា​ម្ចាស់​ដើម​នៅ​ស្រុក​គោកធ្លក ដូចជា​មិន​ទំនង ព្រោះ​ពួក​នោះ​ជា​អ្នក​ចំណូល​ថ្មី បាន​ជិះ​សំពៅ​មក​ពី​ស្រុករ​បស់​គេ (មិន​ដឹង​ច្បាស់​ថា​នៅ​ទីណា​ទេ តែ​បើ​តាម​ប៉ាន់​ស្មាន​មើល ប្រហែល​មក​ពី​ម្ដុំ​ខ្ពង់រាប​ខ្ពស់​ប្រទេស​វៀតណាម​សព្វថ្ងៃ មិន​មែន​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី ព្រោះ​ចរន្ត​ច្រើន​ចុះ​ពី​ជើង​ទៅ​ត្បូង) ។ តាម​សេចក្ដី​ដំណាល​របស់​រឿង​ព្រេង​ដដែល ឃើញ​ថា ព្រះថោង បាន​មក​រៀបការ​ជាមួយ​ នាងនាគី ដែល​រស់​នៅ​ទីនោះ​មុន​ការ​មក​ដល់​នៃ​ពួក​ចាម និង​ព្រះថោង​ទៅ​ទៀត ។ បើ​ដូច្នេះ តើ​យើង​ចាត់​ទុក​ថា នាងនាគី នេះ​ជា​អ្វី ? ជា​សត្វ​តិរច្ឆាន​មែនៗ ឬ​ក៏​ជា​មនុស្ស​ដើម​បង្អស់​នៅ​ទីនោះ ? (នាង​ចេះ​កាឡា​ខ្លួន​ជា​មនុស្ស មាន​រូបរាង​ល្អ)
រួម​សេចក្ដី​មក ឃើញ​ថា មាន​ភ័ស្តុតាង​ជាច្រើន​បង្ហាញ​ថា ខ្មែរ ជា​ជាតិ​មាន​ចំណាស់ បាន​កកើត​ឡើង​នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​នេះ ហើយ​ស្ថិត​នៅ​ក្នុង​អំបូរ​មនុស្ស​មួយ​ដោយ​ឡែក​អំពី​អំបូរ​ឥណ្ឌា ហើយ​ដែល​នរវិទូ​លោក​ឲ្យ​ឈ្មោះ​ហៅ​ថា អូស្ត្រូអាស្យាទិក ជាតិ​ខ្មែរ បាន​កើត​ឡើង បាន​វិវត្ត ហើយ​មាន​ជីវិត​ស្ថិតស្ថេរ​រហូត​ដល់​សព្វថ្ងៃ នៅ​លើ​ទឹក​ដី​ដែល​ដូនតា​ខ្លួន​បាន​កសាង​ទុក​ជា​កេរ្តិ៍​ដំណែល ។ ចំណែក​ជនជាតិ​ដទៃ​ទៀត​ដែល​បាន​មក​រស់​នៅ នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ដី​គោក​សព្វ​ថ្ងៃ ជា​អ្នក​ជិត​ខាង​របស់​ខ្មែរ គឺ​សុទ្ធ​តែ​បាន​មក​ដល់​ក្រោយ (លើក​លែង​តែ​ជនជាតិ​ចាម​ចេញ) គឺ​ថា បាន​ចូល​មក​ក្នុង​សម័យ​ប្រវត្តិសាស្ត្រ ដែល​គេ​អាច​ដឹង​បាន​ច្បាស់​លាស់​តាម​ឯកសារ​ផ្សេងៗ: ភូមា (ស.វ. ទី​៩) យួន (ស.វ. ទី​១០) សៀម (ស.វ. ទី​១៣) ៕
ដកស្រង់​ពី​សៀវភៅ ស្រុក​ខ្មែរៈ ការ​វិវត្តន៍​ចលនា​នយោបាយ (មីនា ២០០០)និពន្ធដោយ សាគូ សាមុត

No comments:

Post a Comment