ឥទ្ធិពល​​ព្រាហ្មណ៍​សាសនា​ក្នុង​សង្គម​ខ្មែរ

ឥទ្ធិពល​​ព្រាហ្មណ៍​សាសនា​ក្នុង​សង្គម​ខ្មែរ​


ឥទ្ធិពល​លទ្ធិ​វេទ លទ្ធិ​ព្រាហ្មណ៍ ឬ​សាសនា​ព្រាហ្មណ៍​បាន​បង្កើត​ឡើង​ជា​ជំនឿ​ផ្សេង​ៗ ចាក់​ឫស​យ៉ាង​រឹង​មាំ​ក្នុង​សង្គម​ខ្មែរ ចិត្ត​គំនិត​ខ្មែរ ទំនោរ​ខ្មែរ មនោគម​ខ្មែរ តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ​ រហូត​មក​ដល់​បច្ចុប្បន្ន​។ ជា​ពិសេស ឥទ្ធិពល​នៃ​លទ្ធិ​នេះ មាន​ឋិត​នៅ​ជា​អារ៏​ក្នុង :
- ជំនឿ
- ទំនៀម​ទម្លាប់ - ប្រពៃណី
- សិល្បៈ
- អក្សរ​សិល្ប 

- ជំនឿ - Croyance

ជំនឿ​ថា : សុខ ទុក្ខ អាក្រក់ ល្អ កើត​ឡើង​បាន​ដោយ​សារ ទេពតា ទេវះ អាទិទេព ជា​អ្នក​ផ្ដល់​​ឲ្យ ។ ពិសេស​ជំនឿ​ខ្មោច ព្រាយ អារក្ស អ្នក​តា បង់បត់ មេមត់ សែនព្រេន សុំ​សេចក្ដី​សុខ​ចម្រើន ។



- ប្រពៃ​ណី - ទំនៀម​ទម្លាប់

ក្នុង​សង្គម​ខ្មែរ មាន​ប្រពៃណី ទំនៀម​ទម្លាប់​ច្រើន​យ៉ាង​ណាស់​ ដែល​មាន​ទំនាក់​ទំនង និង​លទ្ធិ​ព្រាហ្មណ៍ សាសនា​ព្រាហ្មណ៍ ដូច​ជា៖

- ពិធី​បុណ្យ​ទាន ដែល​មាន​រៀប​ចំ​ធ្វើ​ស្លា​ធរ បាយសី​ជា​ដើម​។

-ពិធី​អាពាហ៍ពិពាហ៍ ដែល​មាន​ការ​រើស​ពេល​វេលា ចូល​រោង ឬ​ផ្ទឹម ធ្វើ​រាន​ទេពតា ក្រុងពាលី ជា​ដើម​​។

-ស្ថាបនកម្ម របៀប​សង់​ផ្ទះ ​មាន​ការ​រើស​ពេលា​លើក​ដោយ​មាន​ការ​រៀប​ពិធី​សែនព្រេន ថ្វាយ​ទេពតា​ជា​ដើម​។ល។

- ពិធី​បូជាសព ដែល​មាន​ធ្វើ​ពិធី​រំកិល​សព ហែ​សព បញ្ចុះ​សព តាម​​ក្បួន​ខ្នាត​ជា​ដើម​។

- ពិធី​ព្យាបាល​ជំងឺ ដែល​មាន​ពី​ធី​ដុត​ធូប សំពះ​ដុំ​ថ្ម អង្វរ​ករ បន់​ស្រន់ សុំ​ឲ្យ​ជា​សះស្បើយ លៀង​អារក្ស សុំ​ឲ្យ​ខ្មោច​ជួយ​ជា​ដើម ឬ​រៀប​ចំ​ពិធី​ហៅ​ព្រលឹង អញ្ជាត់​ព្រលឹង អ្នក​ជំងឺ​ជា​ដើម ។​ល​។



- សិល្បៈ L’art

សិល្បៈ​ខ្មែរ​ជា​ច្រើន​ដែល​មាន​ទំនាក់​ទំនង​នឹង​សាសនា​ព្រាហ្មណ៍ ដូច​ជា :

. គំនូរ - ចម្លាក់ : មាន​គំនូរ ចម្លាក់​ជា​ច្រើន​ដែល​គូរ ឆ្លាក់​យក​លំនាំ​តាម​បែប​រឿង​រ៉ាវ ក្នុង​សាសនា​ព្រាហ្មណ៍​ ដូចជា : រូប​ព្រះ​ព្រហ្ម ព្រះ​ឥសូរ ព្រះ​នារាយណ៍ ព្រះ​រាម ព្រះឥន្ទ ព្រះ​អគ្និ ជា​ដើម​។

. ប្រាសាទ : ប្រាសាទ​បូរាណ​ខ្មែរ​ ជា​បូជនីយដ្ឋាន​ដែល​មាន​ទំនាក់​ទំនង​ នឹង​សាសនា ។ មាន​ប្រាសាទ​ជា​ច្រើន​ដែល​​គេ​សង់​​ឡើង ឧទ្ទិស​ថ្វាយ​សាសនា​ព្រាហ្មណ៍ ។ ប្រាសាទ​ខ្លះ គេ​សាង​ឧទ្ទិស​ថ្វាយ​ព្រះ​ឥសូរ ( សិវៈ ) ដូច​ជា​ប្រាសាទ៖



សតវត្ស​ទី ៦ គ្រិស្តសករាជ

- ប្រាសាទ​សំបូរ​ព្រៃ​គុក
- ប្រាសាទ​ភ្នំ​ធំ
- ប្រាសាទ​ដំបង​ដែក

សតវត្ស​ទី ៧ នៃ​គ្រិស្តសករាជ

- ប្រាសាទ​ព្រៃ​ក្មេង
- ប្រាសាទ​អណ្ដែត
- ប្រាសាទ​ស្វាយ​ព្រាហ្មណ៍

សតវត្ស​ទី ៨ នៃ​គ្រិស្តសករាជ

- ប្រាសាទ​កំពង់​ព្រះ
- ប្រាសាទ​ភូមិ​ប្រាសាទ
-ប្រាសាទ​ត្រពាំង​ផុង
- ប្រាសាទ​អកយំ​។

ប្រាសាទ​សម័យ​អង្គរ :



ដើម​សតវត្ស​ទី ៩ នៃ​គ្រិស្តសករាជ ( បែប​ភ្នំ​គូលែន )

- ប្រាសាទ​ដំរី​ក្រាប
- ប្រាសាទ​អូ​បាង
- ប្រាសាទ​ខ្ទីង​ស្លាប់
- ប្រាសាទ​រូប​អារក្ស
- ប្រាសាទ​ថ្ម​ដាប
- ប្រាសាទ​គគី
- ប្រាសាទ​ក្រហម
- ប្រាសាទ​អ្នកតា ។

ចុង​សតវត្ស​ទី ៩ នៃ​គ្រិស្តសករាជ ( បែប​ព្រះ​គោ)

- ប្រាសាទ​ព្រះ​គោ
- ប្រាសាទ​លលៃ
- ប្រាសាទ​បាគង

ចុង​សតវត្ស​ទី ៩ នៃ​គ្រិស្តសករាជ (បែប​បាខែង)

- ប្រាសាទ​ភ្នំ​បាខែង
- ប្រសាទ​ភ្នំ​ក្រោម
- ប្រាសាទ​ភ្នំ​បូក
- ប្រាសាទ​ភ្នំ​ក្រវ៉ាន់
- ប្រាសាទ​ប្រែ​រូប ។

ដើម​សតវត្ស​ទី ១០ នៃ​គ្រិស្តសករាជ ( បែប​កោះ​កែ )

- ប្រាសាទ​កោះ​កែ

ចុង​សតវត្ស​ទី ១០ នៃ​គ្រិស្តសករាជ ( បែប​បន្ទាយ​ស្រី )

- ប្រាសាទ​បន្ទាយ​ស្រី
- ប្រាសាទ

ដើម​សតវត្ស​ទី ១១ នៃ​គ្រិស្តសករាជ ( បែប​ឃ្លាំង )

- ប្រាសាទ​ឃ្លាំង
- ប្រាសាទ​តាកែវ
- ប្រាសាទ​វិមាន​អាកាស
- ប្រាសាទ​ភ្នំ​ជី​សូរ
- ប្រាសាទ​ព្រះ​វិហារ
- ប្រាសាទ​ចៅ​ស្រីវិបល

ម្យ៉ាង​ទៀត ​មាន​ប្រាសាទ​ជា​ច្រើន ដែល​គេ​សាង​ឧទ្ទិស​ថ្វាយ​ព្រះ​នារាយណ៍ ( វិស្ណុ ) ដូច​ជា​៖

- ប្រាសាទ​អង្គរ​វត្ត
- ប្រាសាទ​បន្ទាយ​សំរែ
- ប្រាសាទ​ព្រះ​ពិធូរ
- ប្រាសាទ​ធម្មានន្ទ
- ប្រាសាទ​វត្ត​អធ្វា
- ប្រាសាទ​ចៅ​សាយ
- ប្រាសាទ​បេង​មាលា
- ប្រាសាទ​បាលិ​លេយ្យ
-ប្រាសាទ​មេ​បុណ្យ​ខាង​លិច
( នៅ​ក្នុង​បារាយណ៍ )

រី​ឯ​លក្ខណៈ​ប្រាសាទ​បែប​ព្រាហ្មណ៍​និយម គេ​អាច​សម្គាល់​បាន​ដោយ​សារ :

- ច្រើន​សង់​ប្រាសាទ​នៅ​លើ​កំពូល​ភ្នំ ឬ នៅ​លើ​ទី​ទួល​ខ្ពស់

- គេ​​តម្កល់​លិង្គ​ព្រះ​ឥសូរ នៅ​លើ​យោនី​នាង​ឧមា ក្នុង​ប្រាសាទ ។

- អក្សរ​សិល្ប

អត្ថបទ អក្សរ​សិល្ប​ជា​ច្រើន ដែល​មាន​ទំនាក់​ទំនង​បឹង​សាសនា​ព្រាហ្មណ៍ ជា​ចលនា​ព្រាហ្មណ៍​និយម ដែល​ច្រើន​តែ​ដក​ស្រង់​យក​ជំនឿ​ផ្សេង​ៗ ក្នុង​លទ្ធិ​ព្រាហ្មណ៍​មក​រៀប​រាប់ ពន្យល់ បង្ហាញ ព្រម​ទាំង​លើក​យក​អច្ឆរិយបុគ្គល ទេវះ ទេពតា អាទិទេព ព្រះឥន្ទ ព្រះ​ព្រហ្ម ព្រះ​ឥសូរ ព្រះ​នារាយណ៍ យក្ស គន្ធ​ព ជា​ដើម។ ជា​ពិសេស អក្សរ​សិល្ប​ផ្នែក​នេះ ច្រើន​លើក​យក​មន្ត​អាគមគាថា អូមអាម បែង​ភាគ បំបាំង​បាត់ ចេះ​ជប់ ចេះ​ប្រោស ហោះ​ហើរ ដើរ​លើ​អាកាស ជា​ដើម ។ ឧទាហរណ ដូច​ជា

  • រឿង​រាមកេរ្តិ៍
  • រឿង​ជិនវង្ស
  • រឿង​វរវង្ស​សូរ្យ​វង្ស
  • រឿង​រតនា​វង្ស
  • រឿង​ទិព្វ​សង្វារ
  • រឿង​ខ្យង​ស័ង្ខ ជា​ដើម ។​ល៕

No comments:

Post a Comment