កំណាព្យខ្មែរ

ឈុំឆារមាសស្នេហ៍
ជួបស្នេហ៍ហើយម្តេចឡើយត្រូវព្រាត់ អនុស្សាជូរជាត់ក្រោមម្លប់សង្កែ
បុបា្ផមួយទងបងខំដាំថែ                    ឆារមាសស្នេហ៍ក្រហមពណ៌ស្រស់។
ជុំនោរពិសាខត្រជាក់កាយា               រដូវឈុំឆារផ្ការៀបចំលាស់
ខ្យល់បក់រំភើយល្ហើយចិត្តស្រណោះ បេះដូងរងគ្រោះព្រោះស្នេហ៍ដំបូង។
ឈុំឆារលាស់ នារដូវទីបី                   ដែលស្គាល់ពិសីស្រីស្រស់ស្នេហ៍ស្នង
វេលានោះចេះតែផុតកន្លង                ម្នាក់ឯងឃុំគ្រងគងឱបអនុស្សា។
ផ្គរលាន់ដើមឆ្នាំស្រែកផ្តាំគ្រហឹម        ចិន្តាសង្ឃឹមចាំជួបជីវ៉ា
សាងក្តីស្នេហ៍ស្មោះក្នុងកោះកាមា       ឱបក្នុងហត្ថាឱរ៉ាកក់ក្តៅ។
គន់ផ្កាឈុំឆារដែលធ្លាក់ចុះ                 ពណ៌ស្រស់ចំរុះដុះចិត្តហ្មងសៅ
អូនឃ្លាតពីបងតាមគេរត់ទៅ              បន្សល់ទុកនៅអនុស្សាទឹកភ្នេក។
ជាតិនេះឥតភ័ព្វជាប់ឈ្មោះអ្នកក្រ       ខ្វះទ្រព្យបន្តស្នេហាត្រូវបែក
ឈុំឆារពណ៌ស្រស់រុសរូយចាកមេក   ចិត្តស្តាយពន់ពេកឈុំឆារស្នេហ៍ខ្ញុំ។
បន្សល់នៅដើមទុកឱ្យគ្រៀមគ្រោះ     បាត់អស់សម្រស់រិងស្ងួតគ្រៀមក្រំ
ព្រោះតែក្តីនឹកដល់ផ្កាក្រពុំ                  ធ្លាប់រួមសុខុមផ្កាដើមរីករាយ។
ចិត្តបងខកព្រោះត្រូវដកស្នេហា         ខ្វះរូបដុល្លាចិត្តត្រូវខ្វល់ខ្វាយ
បងត្រឹមស្នេហ៍ចិត្តគេឱបរិតកាយ      បងបានសោកស្តាយគេក្រេបរសក្លិន។
គន់ដើមឈុំឆារចិន្តាស្រណោះ           បាត់ភាពស្រស់បស់ព្រោះតែមាសឆ្អិន
ផ្កាជ្រុះរុសរូយបាត់ស្ងាត់រសក្លិន          ព្រោះស្នេហ៍មាសឆ្អិនសុបន្តិថ្ងៃត្រង់៕
គឹមសុខា៥..១០

No comments:

Post a Comment