បុណ្យសែនដូនតា
(ពាក្យ៨)
អំណរបុណ្យភ្ជុំសែនដូនតា ទំនៀមថ្លៃថ្លាខេមរាបន្ត
ធ្វើបុណ្យដាក់ទានដោយចិត្តស្មោះស រក្សាវប្បធម៍ប្រពៃណីខ្មែរ។
ទំនៀមទម្លាប់ជាប់ពីបុរា ដូនតាយើងបានធ្វើជាហូរហែរ
រដូវភ្ជុំបិណ្ឌសម្រាប់យើងគេ នឹកគុណពុកម៉ែផៅញាតិដែលស្លាប់។
រៀបចំបាយម្ហូបនិងនំចំណី នំគមនំឆ្មៃអន្សមត្រណាប់
ធ្វើឧទ្ទិសជូនទៅដល់អ្នកស្លាប់ វិញ្ញាណបានឆាប់ផុតទុក្ខផ្សេៗ។
ទ្រឹស្តីព្រះពុទ្ធថាអ្នកដែលស្លាប់ តែងតែទៅចាប់កំណើតជាប្រេត
រងទុក្ខវេទនាអាហារមិនឆ្អែត កំណើតប្រេតព្រោះមានអកុសល។
ដិការជាច្រើនលោកបានសម្តែង ថាព្រះទ្រង់ថ្លែង«សព្វសត្វសកល»
ជីវិតបន្តូលទៅតាមកម្មផ្តល់ ឡើងសួគ៌ព្រោះផលបានសាងកម្មល្អ។
ឯជនដែលធ្វើអំពើបាបកម្ម យមរាជចំណាំចាំព័ទ្ធចង ក
ពេលដែលនៅរស់មិនទ្រទ្រង់ធម៍ ចាកកុសលធម៍រស់ដូចតិរច្ឆាន។
តាមគម្ពីរមាលិន្ទប្បញ្ហា លោកចងក្រងចារថាប្រេតនោះមាន
បួនពួករងទុក្ខតាមកម្មខ្លួនបាន អាហារស្រេកឃ្លានឥតមានស្រាកស្រាន។
មួយមានជីវិតដោយសាខ្ទុះឈាម មួយ រស់ក្រំគ្រៀមអាហារមិនគ្រាន់
មួយមានភ្លើងឆេះប្រចាំក្នុងប្រាណ មួយទៀតរស់បានចាំផលគេនៃ។
ក្នុងតួនាទីជាបុត្រធីតា គួរនឹកផងណាគុណដ៏ថ្លាថ្លៃ
ជីដូនជីតាម៉ាកប៉ានោះនៃ ទើបសំប្រពៃកូនកតញ្ញូតា។
បិណ្ឌៈមានន័យថាបំនូតបាយ ធ្វើដើម្បីថ្វាយជូនដល់ដូនតា
ប្រគេនព្រះសង្ឃឧទ្ទិសផល្លា ក្រុមញាតិនោះណាបានរួចផុតទុក្ខ។
តាមទំនៀមបុណ្យគឺបានប្រព្រិត្ត តាំងពីអាឌិតដែលបន្សល់ទុក
រយៈ១៥ថ្ងៃនៅគ្រប់ភូមិស្រុក រៀបចំបំនុកបំរុងកាន់បិណ្ឌ។
រាប់ពី១រោចខែភទ្របទ តាំងពេលកំណតចាប់ផ្តើមចូលបុណ្យ
ដល់ថ្ងៃ១៤លំដាប់ក្រោយមុន ១៥ភ្ជុំបិណ្ឌហៅសែនដូនតា។
រីឯអត្ថន័យនៃបុណ្យនេះ ប្រាជ្ញលោកបានត្រិះវែកញែកអត្ថា
ជូនដល់នរជនគិតពិចារណ៍ បុណ្យសែនដូនតា៣ប្រការន័យ។
ទីមួយដើម្បីធ្វើឧទ្ទិសផល ជញ្ជូនកុសលដល់ញាតិដែលក្ស័យ
ជីដូនជិតាម៉ាកប៉ានោះន័យ មិងមាគ្រប់វ័យអស់ញាតិសន្តាន។
ទីពីរក្នុងន័យសាងសន្សំបុណ្យ គ្រប់ជាតិក្រោយមុនប្រាថ្នាសុខសាន្ត
រកស៊ីកើតកើនចម្រើនថ្កើងថ្កាន ផុតប្រេតតិរច្ឆានដល់ស្ថានសួគ៌ឯង។
ទីបីប្រពៃក្នុងន័យសាមគ្គី រួបរួមមួរមីរគ្រប់ទីកន្លែង
ដាក់ពេលតែមួយស្ទួយមិនឱ្យខ្វែង លក្ខណៈសម្តែងសាមគ្គីសាមគ្គា។
នេះជាពិធីបុណ្យប្រពៃណី ខ្មែរគ្រប់ប្រុសស្រីគួរថែរក្សា
ប្រតិបត្តិទៅតាមក្បួនតម្រា បុរាណាចារ្យគឺបុណភ្ជុំបិណ្ឌ៕
ដោយៈគឹមសុខា
No comments:
Post a Comment