កំណាព្យខ្មែរ

បើស្រឡាញ់ខ្មែរ10/10/2010
បើស្រឡាញ់ខ្មែរត្រូវតែរក្សា                    ថែកេរ្តិ៍ដូនតាបុព្វបុរសយើង
វប្បធម៍អក្សរសាស្រ្តច្បាស់លើកតំកើង ទើបខ្មែរបានថ្កើងជាតិថ្លៃថ្លា។
ជាអត្តសញ្ញាណខ្មែរបុព្វេ                        នាមជាកូនខ្មែរទោះស្រែចម្ការ
គឺត្រូវតែមានមនៈសិកា                          ជាតិជាខេមរាសាងព្រះអង្គរ។
នាមជាកូនខ្មែរមានអ្វីអាង                      គឺយើងមានប្រាង្គប្រាសាទបវរ
ឈរខ្ពស់សន្លឹមផ្ទឹមលំហរ                     ភ័ក្រ្តព្រហ្មណ៍ត្រេកអរជាងពាន់ឆ្នាំ។
ពាក្យខ្មែរមានន័យដក់ជាប់ចិត្ត               ប្រពៃពេកពិតគួរគិតចងចាំ
ប្រែថាក្សេមក្សាន្តសន្តានចំណាំ             ន័យនេះលោកផ្តាំត្រូវចេះសាមគ្គី។
ខ្មែរមានអារាមស្នាមផុតទុក្ខ                  ព្រះពុទ្ធជាមុខសាសនាសោភី
ព្រះធម៍ព្រះសង្ឃរួមទាំងពីរ                   មានតួនាទីនាំសត្វដល់ត្រើយ។
បើជាកូនខ្មែរត្រូវតែចេះគិត                មានសាសនាពិតកុំនៅកន្តើយ
ពុទ្ធោវាទនោះជាច្បាប់ហើយ                ឱខ្មែរយើងអើយកុំដើរផ្លូវខុស។
កុំកែឆ្នៃពេកនាំឱ្យចាកភព                    បន្ថែមកុំលុប ទើបសំជាមនុស្ស
ស្រឡាញ់ជាតិខ្លួនមិនឱ្យធ្លាក់ចុះ            នោះពិតមានឈ្មោះស្រឡាញ់ជាតិខ្មែរ
ដោយៈគឹមសុខា 

No comments:

Post a Comment