មាសស្នេហ៍
ឱស្នេហ៍មាសបង ទើបជួបតែម្តង ជាប់ចិត្តមេត្រី
រាល់ពេលយប់ព្រឹក នឹកតែពិសី ភាន់ភាំងស្មារតី
នឹកគ្រប់វេលា។
សរសេរលិខិត ផ្ញើទៅវរមិត្ត ក្តាស(១)សោភា
ចង់ស្តែងឱ្យដឹង បេះដូងកំព្រា ព្រោះខ្វះស្នេហា
មាសស្នេហ៍យល់ទេ។
ឱស្នេហ៍មាសស្និទ្ធ ស្រឡាញ់ស្រីពិត ចិត្តឥតងាក់រេ
បងសូមសារភាព ប្រាប់មកមាសស្នេហ៍ តើព្រមឬទេ
សូមស្តីវាចា។
បងនៅរងចាំ សារស័ព្ទបណ្តាំ របស់រៀមរ៉ា
បេះដូងមួយនេះ សូមជូនជីវ៉ា នៅពេលត្រូវការ
យកប្រើតាមចិត្ត។
ក្តីស្នេហាមួយ ជាបន្លកត្រួយ លាស់មានជីវិត
រងចាំទឹកស្រោច សន្សើមមាសស្និទ្ធ ប្រោសព្រំជីវិត
ឱ្យមានដង្ហើម។
បេះដូងខ្វះស្នេហ៍ រងចាំមាសមេ ស្នេហ៍ថ្មីចាប់ផ្តើម
រាល់ថ្ងៃបារម្ភ ខ្លាចគេដណ្តើម ឆកយកស្រីឆ្នើម
ស្មៅបងហ្នឹងស្វិត។
បងនៅរងចាំ ទោះជាយូរឆ្នាំ ចាំក្តីអាណិត
បើកទ្វាបេះដូង រងចាំស្រីបិទ ស្នេហ៍ស្មោះអូនពិត
លុះក្ស័យមរណា៕
ពាមបួន,០៦/០១/០៤
No comments:
Post a Comment