ពាមបួនដួងចិត្ត
រូបខ្ញុំបានឃ្លាតពីស្រុកកំណើត ទីឋានល្អឆើតពោរពេញស្រែស្រូវ
ឃ្លាតពូមិងមាយាយតាម៉ែឪ ឃ្លាតស្រស់ស្រីពៅម្ចាស់បេះដូងខ្ញុំ។
ពេលនេះឃ្លាតឆ្ងាយអាល័យម្ចាស់ស្នេហ៍ នឹកអ្វីម្លេះទេពាមបួនឧត្តម
ដែលមានរុក្ខជាតិស្រស់មនោរម្យ ទីឋានសុខុមខ្ញុំធំពេញវ័យ។
ស្រណោះសម្លេងព្រះសង្ឃសូធ្យធម៍ សារស័ព្ទបវរពេញដោយអត្ថន័យ
នារដូវភ្ជុំបុណ្យប្រពៃណី មនុស្សផងគ្រប់វ័យគោរពបូជា។
អាល័យម្លប់ជ្រៃដុះចុងភូមិ ក្មេងៗចោមរោមសប្បាយអស្ចារ្យ
នារដូវភ្លៀងនៃខែវស្សា ស្រែកលេងខ្ញៀវខ្ញាពួកកុមារវ័យ។
ពាមបួនដួងចិត្តខ្ញុំនឹកអ្នកណាស់ អនុស្សាចាស់ហាក់នៅថ្មីៗ
ឱលោកសច្ចំ ជួយធ្វើសាក្សី កុលាបលាស់ថ្មីជួយថែរក្សា។
ចងចាំជានិច្ចលាកទុក្ខក្នុងចិត្ត ស្នេហ៍ខ្ញុំស្មោះពិតស្រុកស្រែចម្ការ
វាលស្រែបឹងព្រែកកូនក្អែកស្រស់ថ្លា ពាមបួនស្នេហាពាមបួនដួងចិត្ត។
ដោយៈគឹមសុខា ទីក្រុងឃ្លាំង.៣១/០១/០៧
ដោយៈគឹមសុខា ទីក្រុងឃ្លាំង.៣១/០១/០៧
No comments:
Post a Comment