មិត្តល្អនៃខ្ញុំ
(ពាក្យ៨)
មិត្តល្អជានិច្ចគឺប៊ិចសៀវភៅ     
មិត្តជួយតម្រូវប្រាប់ផ្លូវវិជ្ជា
មិត្តជួយកើតកើនចម្រើនបញ្ញា
ជួយយើងភ្លឺថ្លាប្រាជ្ញាវាងវៃ។
មិត្តល្អជានិច្ចគឺប៊ិចសៀវភៅ 
មិត្តស្និទ្ធស្ថិតនៅតម្រូវដឹកដៃ
អោយយើងដើរត្រូវតាមផ្លូវវិន័យ ខុសត្រូវម្តេចក្តីមិត្តអ្នកប្រាយប្រាប់។
មិត្តល្អជានិច្ចគឺប៊ិចសៀវភៅ
មិត្តស្តីប្រដៅយើងត្រូវរៀនស្តាប់
រៀនអានសរសេររិះរេតាមច្បាប់
ហៅល្អចំណាប់មិនអាប់ស្មារតី។
មិត្តល្អជានិច្ចគឺប៊ិចសៀវភៅ
កំចាត់ល្ងង់ខ្លៅចោរខ្មាំងអប្រិយ
សៀវភៅអាចប្រាប់សារស័ព្ទសេចក្តី ឲ្យយើងយល់ន័យពីក្តីល្ងិតល្ងង់។
មិត្តល្អជានិច្ចគឺប៊ិចសៀវភៅ
មិត្តដ៏ត្រឹមត្រូវរង់ចាំស្រោចស្រង់
ឃើញយើងធ្វើខុសមិត្តមិនបង្អង់
មិត្តជួយតម្រង់តាមប្លង់បណ្ឌិត។
មិត្តល្អជានិច្ចកុំភ្លេចឲ្យសោះ
សៀវភៅប៊ិចនោះជាមិត្តពិតៗ
ហេតុនេះកូនខ្មែរត្រូវតែរិះគិត
គប្បីគប់មិត្តជិតស្និទ្ធចិត្តល្អ៕
ដោយៈ សោភប្បញ្ញោ-សម្បូណ៌រិទ្ធ
(ពាមបួន ថ្ងៃ១២/មិថុនា/២០១១)

No comments:

Post a Comment