ពន្លកស្នេហ៍ថ្មី
ពាមបួនដួងចិត្ត ខ្ញុំស្នេហ៍អ្នកពិត មិនមានសៅហ្មង
ម្លប់ពោធិ៍ក្បែរវត្ត ជួយចាំខ្ញុំផង ខ្ញុំស្នេហ៍នួនល្អង
អស់ពីដួងចិត្ត។
រាល់ថ្ងៃសញ្ជឹង តែងគិតរំពឹង ទន្ទឹងវរមិត្ត
នឹកអនុស្សា ចិន្តាគាន់គិត ពាមបួនដួងចិត្ត
ជួយប្រាប់ទៅស្រី។
ខ្យល់ផាត់ពពក ជ្រាំត្រូវរលក បកមកខ្ទប់ដី
ខ្ញុំបានលង់ស្នេហ៍ មាសមេពិសី ម្លប់ពោធិ៍សាក្សី
ជួយចាំខ្ញុំផង។
ខ្ញុំអ្នកកសិករ គ្រួសារក្រីក្រ មិនសំនួនល្អង
ដឹងដែរតែចិត្ត ដ្បិតលង់ស្នេហ៍ស្នង ខ្លាចខុសបំណង
ចិត្តត្រូវខូចចិត្ត។
តាមកម្មនិស្ស័យ ខ្ញុំនឹងចរណៃ ស្រឡាញ់គ្នាពិត
លិខិតឆ្លើយឆ្លង ចងរួតជីវិត កាយពីររួមរិត
ស្នេហ៍មួយស្ម័គ្រស្មោះ។
ខ្សែរទឹកហូរទៅ បន្សល់ទុកនៅ ទឹកថ្លាឥតខ្ចោះ
ទឹកស្ទឹងពាមបួន បានជួយព្រំប្រោះ អាណិតចិត្តស្មោះ
លាស់ត្រួយស្នេហ៍ថ្មី។
ក្រោមពន្លឺខែ ត្រកងគូស្នេហ៍ បំពេររាត្រី
យប់ជ្រៅស្ងាត់ឈឹង ទន្ទឹងរស្មី ទន្ទឹងថ្ងៃថ្មី
ក្តីស្នេហ៍បរិសុទ្ធិ។
គន់ទៅវេហាស៍ សល់តែតារា នា យប់ ងងិត
ព្រះចន្ទចាកឆ្ងាយ ផ្កាយត្រូវកំ្រចិត្ត ដ្បិតមេឃងងិត
ចន្ទព្រាត់តារា។
ពាមបួន,១០.០៩.២០១១
No comments:
Post a Comment