បុណ្យបញ្ចុះសីមា
បុណ្យបញ្ចុះសីមាចាំបាច់ណាស់សំរាប់ព្រះវិហារថ្មី ចងសីមារបស់ព្រះសង្ឃ ដែលមានឧបាសក ឧបាសិកាជួយឧបត្ថម្ភផង ។ សីមាគឹជាព្រំកំណត់ដែលព្រះសង្ឃកំណត់ សន្មត់ជាស្ពានសម្រាប់ធ្វើសង្ឃកម្ម ។ ដូច្នេះព្រះវិហារជាទីដែលព្រះសង្ឃសម្រាប់ ធ្វើសង្ឃកម្ម ត្រូវតែរៀបចំធ្វើពិធីបញ្ចុះសីមា ។ ព្រះវិហារណាដែលពុំទាន់បានបញ្ចុះខណ្ឌសីមាទាំង៨ទិសដោយត្រឹមត្រូវ ទេ ពុំអាចចាត់ទុកជាព្រះវិហារពេញលក្ខណៈបានឡើយ ។ មូលហេតុដែលបណ្ដាលឲ្យ មានរៀបចំពិធីបញ្ចុះសីមា នេះ ដោយសារតែកាលពីសម័យព្រះពុទ្ធមានសង្ឃឆព្វីយគ្កី គឺ សង្ឃខិលខូចចំនួន ៦ពួក បានដើរធ្វើសង្ឃកម្ម តែពីសតែពាសរំលោភប៉ះលើសីមាអ្នកដ៏ទៃដោយមិនចារិកកំណត់ព្រំដែន ខ្លួនឯងឲ្យច្បាស់លាស់ ។ ដោយសារហេតុនេះព្រះពុទ្ធទ្រង់ក៏បានបញ្ញត្តិឲ្យធ្វើពិធីបញ្ចុះ ខណ្ឌសីមាកំណត់ព្រំដែន អាចឲ្យព្រះសង្ឃគង់បានពីរ ៤ អង្គឡើងដល់ ២១ អង្គ ឬលើសតទៅទៀតបានតាមការគួរ ។ គោលព្រំដែននៃផ្ទៃដីដ៏ពិសិដ្ឋនេះ ដ្រូវបញ្ចុះនិមិត្តសីមានៅគ្រប់ទិសទាំង៨ កប់ទៅក្នុងដី ហើយបញ្ឈរសន្លឺកសីមាពីលើសន្លឺកសីមាជាបន្ទះថ្មមានសណ្ឋានជា សិលាស្ដម្ភឆ្លាក់រូបទេវតាកាន់ផ្កាឈូកប្រណម្យដែលយើងនិយមហៅថា <<ទេព្រប្រណម្យ>> ។ ទិសទី៩ គឹទិសកណ្ដាល មានបញ្ចុះតែប្ញសមួយមិនមានបញ្ឈរសន្លឺកសីមាពីលើ ហើយត្រូវបញ្ចុះក្នុងព្រះវិហារចំពោះព្រះភ័ក្ត្រព្រះពុទ្ធរូបធំ ហៅថាព្រះពុទ្ធប្រធាន ឬព្រះជីរ៍ ។ ចំពោះរណ្ដៅដែលត្រូវទទួលនិមិត្តសីមាមានរាង៤ជ្រុងស្មើរដូចគ្នា ។ តែជម្រៅនឹងទំហំមាត់មិនមានកំណត់ទេ វត្តខ្លះទំហំមួយជ្រុងៗ ០,៨០ ម៉ែត្រ ខ្លះ ១,០០ ម៉ែត្រ ។ ឯជម្រៅវិញ វត្តខ្លះ ១,០០ ម៉ែត្រ ខ្លះ១,២០ម៉ែត្រ នេះសម្រាប់ទិសទាំង៨ ។ ចំពោះសីមាកិល (សីមាកណ្ដាល) ទំហំមាត់និងជម្រៅតូចធំ និងជ្រៅជាងទិសទាំង៨ តែវត្តខ្លះទំហំមាត់មួយជ្រុងៗ១,០០ ម៉ែត្រជម្រៅរហូតដល់ ២,0០ ម៉ែត្រ ខ្លះទៀតទំហំមាត់មួយជ្រុង១,៥០ ម៉ែត្រ និងជម្រៅរហូតដល់២,៥០ ម៉ែត្រ។ និមិត្តសីមាកិលគេនិយមឲ្យតំលៃជាងគេ បើគេដាក់សម្ភារៈប្រាក់កាសក៏គេច្រើនដាក់លើសរណ្ដៅទិសទាំង ៨ ដែរ ។ ពុទ្ធសាសនិកជនមានជំនឿយ៉ាងមុតមាំថា ការចូលរួមកសាងកុសលក្នុងពិធីបញ្ចុះសីមាបានប្រាំពីរវត្តគេពិតជា អស់កម្មពៀរទាំងពួង ។ គេតែងលះបង់កំលាំងកាយ និងបរិច្ចាកទ្រព្យសម្បត្តិសម្រាប់ធ្វើបុណ្យបញ្ចុះសី-មាប្រកបដោយ ក្ដីសង្ឃឹម ។ សម្ភារៈប្រាក់កាសដែលគេមានសទ្ធាយ៉ាងជ្រាលជ្រៅនោះ គឺការយកទៅបង់ដាក់ក្នុងរណ្ដៅកប់ជាមួយនិមិត្តសីមា ។ គេបូជាអ្វីៗតាមសេចក្ដីប្រាថ្នារបស់គេពិសេសសម្រាប់ទៅអនាគតជាតិ ដូចជាគេចង់ឲ្យមានឈ្មោះល្អក្រអូបសុសសាយ គេទិញទឹកអប់បង់ចង់ឲ្យមានចំណេះ ប្រាថ្នា គេបង់សៀវភៅ ខ្មៅដៃ ប៊ិកជាដើម ។ ចង់ឲ្យសក់ល្អគេកាត់សក់បង់ ចង់ឲ្យមានទ្រព្យសម្បត្តិហូរហៀរ គេបង់ប្រាក់កាសរហូតដល់មាសពេជ្រជាដើម ។ មានអ្នកខ្លះទៀតរហូតដល់ហ៊ានអាសាច់សម្រក់ឈាម ដើម្បីឲ្យមានចិត្តក្លាហានក្នុងអនាគតជាតិ ។ ការប្រារព្ធធ្វើពិធីបុណ្យបញ្ចុះសីមានេះមិនកំណត់ថា ត្រូវធ្វើនៅថ្ងៃ ខែ ឆ្នាំ ណាទេ គឺយោលទៅតាមការសាងសង់ព្រះវិហារជិតហើយ ឬ ហើយជាស្ថាពរ តែលើកលែងរដូវចូលវស្សា ព្រោះព្រះសង្ឃរវល់ធ្វើសង្ឃកម្មជានិច្ច ។ ប៉ុន្តែ គេត្រូវរើសពេលវេលាតាមការគន់គូរ កំណត់ថាមានជ័យមង្គល មាននក្ខត្តប្ញក្ស ។ បើឯកភាពសម្រេចហើយ ព្រះគ្រូចៅអធិការ និងគណៈគ្រប់គ្រងវត្តព្រមទាំងគណៈកម្មការអាចារ្យវត្តផ្សេងៗចំនួន៨ និមន្តព្រះសង្ឃនិងអញ្ចើញអាចារ្យវត្ត ទាំងអស់មកចូលរួមរៀបពិធីបុណ្យនេះ ។ ជាពិសេស ការជួយរៀបចំរោងក្រសាល និងថែរក្សាយាមការពាររណ្ដៅសីមាប្រចាំទិសកុំឲ្យមានអ្នកលួចយក សម្ភារៈ លុយកាក់ដែលពុទ្ធបរិស័ទបានបរិច្ចាក បង់មុននិងគេកប់លុប។ មុនចូលដល់ថ្ងៃកំណត់ពិធីបុណ្យ វត្តផ្សេងៗឯទៀតនោះក៏បានជម្រាប ឧបាសក ឧបាសិកា ជាដំណឹង ជួយចូលជាបច្ច័យ នឹងជួយផ្សព្វផ្សាយ ។ តាមប្រពៃណីពិធីបុណ្យបញ្ចុះសីមាច្រើនប្រព្រឹត្តទៅក្នុងរយៈពេល បីយប់ បីថ្ងៃ ។ ថ្ងៃទីមួយគឺជាការជួបជុំពុទ្ធបរិស័ទ ដើម្បីរៀបចំកិច្ចការនានានៅក្នុងពិធី ។ ថ្ងៃទីពីរ ប្រគេនចង្ហាន់ចំពោះ ព្រះសង្ឃ ។ នៅពេលល្ងាចថ្ងៃដដែលព្រះសង្ឃចម្រើនព្រះបរិត្ត និងអភិសេកព្រះពុទ្ធរូប ។ ថ្ងៃទីបីរ ព្រះសង្ឃស្វាយធ្យាយធម៌បន្តមកលោកអាចារ្យចងខណ្ឌសីមា ព័ទ្ធជុំវិញព្រះវិហារ ។ បន្ទាប់មកគេយកក្ដាក្រាលពីលើរណ្ដៅសីមាទាំងអស់ និងនិមន្តព្រះសង្ឃ យ៉ាងតិចបំផុត២០អង្គពីវត្តដទៃចឧលក្នុងព្រះវិហារដើម្បីបញ្ជាន់ តារាង។ ក្នុងឱកាសនេះដែរអាចារ្យនាំគ្នាអញ្ចើញពុទ្ធបរិស័ទ មនុស្ស-ម្នា និងសត្វ ឲ្យចេញអស់ពីខណ្ខសីមាព្រោះកាលណាមានសត្វនិង មនុស្សចូលក្នុងពេលលោក កំពុងសូត្របញ្ផាន់តារាងនោះគេសន្មត់ថាដាច់ឬអន្ដរាយសង្ឃកម្ម ត្រូវធ្វើសារឡើងវិញជាថ្មីទាំងអស់។ ពេលព្រះសង្ឃនិមន្ដចូលគ្រប់អង្គហើយព្រះសង្ឃដែលជាគណៈអធិបតីមានការ ជាវិសំគាម បានផ្ដល់ដំបូន្មានដល់ព្រះសង្ឃគ្រប់អង្គ និងពន្យល់ណែនាំពីរបៀបបញ្ជាន់តារាងដល់សង្ឃខ្លះដែលមិនធ្លាប់បាន និមន្តចូលរួមក្នុងពិធីនោះ ។ ចំពោះព្រះវិហារចាស់ គឺជាដីដែលបានបញ្ចុះខណ្ឌសីមារួចម្ដងហើយ មុននឹងបញ្ចុះខណ្ឌសីមាថ្មី ព្រះសង្ឃត្រូវដកប្ញសសីមាចាស់សិន ព្រោះក្នុងអាវាសមានមួយត្រូវសន្មតឧបោលថា គារឲ្យមានតែមួយ បើមានពីរត្រូវសូត្រដកឈ្មោះឧបោលថាគារមួយចេញ ។ ការកំណត់ឧនោលគារថាពេញលក្ខណៈបាន លុះត្រាតែមានព័ទ្ធសីមាហើយព្រះសង្ឃសូត្របាលី ញត្តិទុតិយកម្មវាចារមួយចប់ សន្មតតាមពុទ្ធានុញ្ញាតិ ។ ប៉ុន្តែ ព្រះវិហារដែលបានសង់លើព្រះវិហារចាស់ដោយមានទំហំស្មើ គឺមិនធំជាង ឬ តូចជាងនោះ ព្រះសង្ឃអាចមិនធ្វើពិធី បញ្ចុះសីមានិងបញ្ជាន់តារាងឡើងវិញក៏បានដែរ គឺគ្រាន់តែធ្វើបុណ្យឆ្លងទុកជាការស្រេច ។ របៀបដកប្ញសសីមា ត្រូវធ្វើដោយព្រះសង្ឃពីរអង្គ ចាប់ផ្ដើមពីប្ញសសីមាកិល (បង្គោលសីមា) រួចទៅកាន់សីមាទិសបូព៌ បន្ទាប់ទិសឦសាន ឧត្ដរ ជាបន្តបន្ទាប់រហូតដល់ទិសអាគ្នេយ៍ជាបញ្ចប់។ បន្ទាប់ពីកិច្ចដកប្ញសសីមាចាស់ហើយ អាចារ្យ៩ រូបចូលកាន់និមិត្តសីមារាងៗខ្លួន ។ ព្រះសង្ឃមួយអង្គនិមន្ដចូលជិតនិមិត្តសីមាកិល ហើយសួរពីនិមិត្តសីមាទៅអាចារ្យថាៈ<<អ្វីជានិមិត្តនៃ មជ្ឈិមមណ្ឌល?>> (ក្រីនិមិត្តតំ?) អាចារ្យឆ្លើយថាៈ<<ថ្ម! ព្រះករុណាម្ចាស់>>(បាសាណោ និមិតតំ) ។ ព្រះសង្ឃនិមន្ដធ្វើកិច្ចដដែលនេះតាមនិមិត្តសីមាទិសដទៃទៀតជាហូរហែ តែពាក្យសួរនឹងឆ្លើយនៅដដែល គ្រាន់តែដូរឈ្មោះទិស ហើយប្រាប់ភាសាបាលីទាំងអស់ ។ បន្ទាប់មក គឺពិធីបញ្ជាន់តារាងការចាប់ផ្ដើមជាដំបូង ព្រះសង្ឃគ្រប់អង្គរៀបធ្វើហត្ថបាសជាជួរឈរក្នុងព្រះវិហារចំពោះ ព្រះភ័ក្ត្រព្រះពុទ្ធរូបធំ តាំងពីជញ្ផាំងព្រះវិហារដោយសូត្រញត្តិ ។ សូត្រមួយចប់ព្រះសង្ឃដែលគង់ឈរនៅខាងក្រោយបង្អស់ ត្រូវនិមន្តមកគង់នៅខាងមុខទៀតហើយសូត្រញត្តិ និងនិមន្ដមកគង់បន្តរហូតទល់នឺងបាល្ល័ង្កព្រះពុទ្ធរូបធំ ។ បន្ទាប់មក ព្រះសង្ឃទាំងអស់ត្រូវនិមន្តចេញមកខាងក្រៅព្រះវិហារ ដើម្បីបញ្ជាន់តារាងលើរណ្ដៅសីមាគ្រប់ទាំង៨ ទិសទៀត។ សូមបញ្ផាក់ថា ការធ្វើសង្ឃកម្មបញ្ផាន់តារាងខាងក្នុងព្រះវិហារនោះពុទ្ធបរិស័ទ ឧបាសក ឧបាសិកា ពោលគឹគ្រហស្តមិនអាចចូលក្នុងព្រះវិហារបានទេ។ ចំពោះខណ្ឌសីមាជុំវិញព្រះវិហារគឺលើរណ្ដៅសីមាទាំង៨ នោះក៏មិនអាចចូលបានដែរតែអាចឈរមើលពីក្រៅសីមាបាន ។ ថ្ងៃទី៤ គឹជាថ្ងៃកាត់និមិត្តសីមា ។ ពេលព្រះអាទិត្យមិនទាន់រះនិមិត្តសីមាត្រូវដាក់ចុះព្រមគ្នាទាំងអស់ នៅពេលជាមង្គលដែលគេបានកំណត់ទុក ។ ការកាត់ដើម្បីឲ្យបានស្មើគ្នា គេសន្មតស្នូរស្គរ គឺស្នូរទី១ អ្នកកាន់កាំបិតទាំង៩ អ្នកដាក់មុខកាំបិតគងលើខ្សែដែលចងលើនិមិត្តសីមា ចំណែកអ្នកកាន់អន្លូងទាំង៩ នាក់ទៀត ត្រូវដាក់អន្លូងផ្ទាប់ទៅលើខ្នងកាំបិតដើម្បីប្រុងប្រៀប លៃប្រមាណដៃ ។ ស្នូរទី២ គេលើកអន្លូងឡើងលើព្រមគ្នា ។ ស្នូរទី៣ គេវាយអន្លូងព្រឺបព្រមគ្នា ទៅលើខ្នងកាំបិតដែលដាក់លើអំបោះចងនិមិត្តសីមា ។ និមិត្តសីមាក៏ដាច់ធ្លាក់ព្រមគ្នាទៅក្នុងរណ្ដៅ ។ ភ្លេងរោទ៍ទទួលនឹងលេងបទ<<សារធុការ>>និង<< ប្រសិទ្ធពរ>> ។ អ្នកស្រុកស្ទុះប្រញាយដណ្ដើមអំបោះដែលចងនិមិត្តសីមា និងចងជាក្រឡាតារាង ដើម្បីយកទៅវិញខ្សែសម្រាប់ចងកឬចង្កេះឲ្យកូនចៅ ព្រោះគេមានជុំនឿថាអាចការពារខ្មោចព្រាយបីសាចមិនឲ្យយាយី ។ មានជុំនឿម្យ៉ាងទៀតដំណាលថាអ្នកដែលកើតឆ្នាំត្រូវបញ្ចុះសិមានោះ មិនអាចមើលពិធីកាត់និមិត្តសីមានេះបានទេ ។ នៅពេលជិតកាត់ត្រូវដើរចេញឲ្យឆ្ងាយរហូតផុតនៃការឮសន្ធឺកសីមា ធ្លាក់សូម្បីតែគ្រូអធិការដែលជាអធិបតីចាត់ចែងពិធីនៃវត្តនេះ នៅពេលកាត់ក៏លោកមិនហ៊ានគង់នៅវត្តនោះដែរ ព្រោះអាចនឹងឲ្យអាយុខ្លី ។ លុះគេកាត់រួចហើយគេទូងស្គរ៣ ដងជាសញ្ញា ។ បន្ទាប់មកលោកអាចារ្យនឹងឧបាសក ឧបាសិកា នាំគ្នាលើកដីចាក់លុបនិមិត្តសីមា រួចដាក់បញ្ឈរសន្លឺកសីមាលើកន្លែងរណ្ដៅនោះ ។ បច្ចុប្បន្ននេះ វត្តខ្លះមិនបានកប់លប់សម្ភារៈឬប្រាក់កាសដែលអ្នកមានសទ្ធាបានបង់ នោះទេមុននឺងកាត់សីមាព្រះចៅអធិការនឹងគណៈកម្មការ បានឯកភាពគ្នារើប្រមូលទុក សម្រាប់កសាងកុសលក្នុងបច្ចុប្បន្នកាលវិញ ។ បន្ទាប់មកទៀតអាចារ្យនាំគ្នាវេព្រះពុទ្ធរូបគម្ពីរប្រគេនព្រះសង្ឃ ហើយយកទឹកមន្ដរលាស់គ្រប់ទិសទីក្នុងព្រះវិហារ រួចធ្វើពិធីបង្វិលពពិលជុំវិញសីមាកិល ។ ទីបញ្ចប់ គេធ្វើពិធីដាឆ្លងនិងរាប់បាត្រ ដើម្បីផ្សាយមគ្គផលនេះចំពោះអ្នកចូលរួមរហូតដល់ញាតិការទាំង ប្រាំពីរសណ្ដានរបស់អ្នកចូលរួមដែលរស់នៅនិងអ្នកដែលបានចែកឋានទៅ បរលោកទៀត សម្រាប់ក្នុងបច្ចុប្បន្នកាល និងទៅអនាគតកាលទាំងអស់គ្នាជាកិច្ចបង្ហើយបុណ្យ ៕
តាមឯកសាររបស់ អ្នកស្រី កែវ ណារុំ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យវិចិត្រសិល្បៈ
No comments:
Post a Comment